++++++++++++++ខេត្តកណ្តាល៖ នៅសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស) ឯកឧត្ដម ឡោ ដាវុធ រដ្ឋលេខាធិការក្រសួង (ដ.ន.ស) ឯកឧត្តម សួន សូផា រដ្ឋលេខាធិការក្រសួង (ដ.ន.ស) និងឯកឧត្តម គួច ចំរេីន អភិបាល នៃគណៈ អភិបាលខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីកំណត់ព្រំប្រទល់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ និងសង្កាត់ដែលពុំទាន់មានភាពច្បាស់លាស់ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីបណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីជំនាញផងដែរ។គោលបំណងសំខាន់ក្នុងកិច្ចប្រជុំពិភាក្សានេះ គឺដើម្បីពិនិត្យស្ថានភាពព្រំប្រទល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងធ្វើការពិនិត្យពិភាក្សាស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងការកំណត់ព្រំប្រទល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលពុំទាន់មានភាពច្បាស់លាស់ ឱ្យស្របតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំដែលក្រសួងមហាផ្ទៃបានដាក់ចេញកន្លងមក ដើម្បីជួយសម្រួលដល់ការគ្រប់គ្រងរដ្ឋបាល ការអភិវឌ្ឍ ការផ្តល់សេវាសាធារណៈ និងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ប្រកបដោយប្រសិទ្ធភាព។ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្ដម គួច ចំរើន បានស្នើដល់អាជ្ញាធរក្រុង-ស្រុកឃុំ-សង្កាត់ ត្រូវបន្តខិតខំរៀបចំកិច្ចប្រជុំសម្របសម្រួលឱ្យមានការឯកភាពព្រំប្រទល់ជាមួយបណ្តាខេត្តនានាដែលមានព្រំប្រទល់ជាប់ខេត្តកណ្តាល រាល់កិច្ចប្រជុំត្រូវមានកំណត់ហេតុ មានការចុះហត្ថលេខាឯកភាពគ្នា ដើម្បីចេញជាផែនទីឱ្យបានឆាប់រហ័ស សំដៅបញ្ជូនទៅក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទាន់ពេលវេលា។











