រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ប្រជាពលរដ្ឋចំនួន ៥គ្រួសារ ដែលរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ នៅភូមិកប៉ាល់គឿង សង្កាត់សំពៅពូន ក្រុងសំពៅពូន ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល

++++++++++++ខេត្តកណ្តាល៖ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ បានដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ មកប្រគល់ជូនដល់គ្រួសាររងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ដល់លំនៅឋានផ្ទាល់ ចំនួន ៥គ្រួសារ សរុប ២៨នាក់ ស្ថិតនៅភូមិកប៉ាល់គឿង សង្កាត់សំពៅពូន ក្រុងសំពៅពូន ។ក្នុងឱកាសនោះ ឯកឧត្តម ហាក់ សុខមករា បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយបង្ហាញពីក្តីអាណិតអាសូរ និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយគ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការរើសអើងពូជសាសន៍ សាសនា ប្រពៃណី ប្រកាន់វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ ក្នុងនាមថ្នាក់ដឹកនាំខេត្ត ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ បានថ្លែងនូវការសោកស្តាយចំពោះគ្រួសាររងគ្រោះដែលបានបាត់បង់នូវទ្រព្យសម្បត្តិ និងផ្ទះសម្បែង ដោយសារឧបទ្ទវហេតុគ្រោះអគ្គិភ័យ និងសូមឱ្យបងប្អូនមេត្តាទប់ចិត្ត ទប់អារម្មណ៍ ព្រោះហេតុការណ៍អ្វីៗវាបានកន្លងហួសផុតទៅហើយ ប្រការសំខាន់គឺ ជីវិតរបស់យើងនៅរស់រាន និងត្រូវបន្តប្រកបរបររកស៊ីចិញ្ចឹមក្រុមគ្រួសារឡើងវិញ ដើម្បីរស់នៅបានសមរម្យក្នុងសង្គមជាតិ។ ឯកឧត្តមអនុប្រធានចិន្ត្រៃយ៍ បានមានប្រសាសន៍ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះករណីការប្រើប្រាស់បណ្តាញអគ្គិសនីនៅតាមគេហដ្ឋាន ត្រូវតបណ្តាញតាមបែបបទបច្ចេកទេសត្រឹមត្រូវ ដើម្បីចៀសវាងការឆ្លងចរន្តអគិ្គសនី ហើយបណ្តាលឱ្យមានជួបនូវគ្រោះអគ្គិភ័យឆាបឆេះផ្ទះសម្បែងជាយថាហេតុ តួយ៉ាងដូចក្នុងករណីពេលនេះជាដើម។ ជាមួយគ្នានេះផងដែរ ឯកឧត្តមបានផ្តាំផ្ញើដល់បងប្អូនទាំងអស់ សូមចូលរួមថែរក្សាសុខភាពឱ្យបានល្អ ពិសេសបើសុខភាពល្អមាំមួន នោះយើងមានពេលវេលាគ្រប់គ្រាន់ប្រកបមុខរបររកស៊ី ដើម្បីស្តារជីវភាពរស់នៅបានសមរម្យឡើងវិញ។សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្ត បានផ្តល់ជូនគ្រួសាររងគ្រោះទាំង៥ ក្នុង ១គ្រួសារៗទទួលបាននូវ៖ អង្ក ៥០គីឡូក្រាម,មី១កេស,ទឹកត្រី ១យួរ ,ទឹកស៊ីអុីវ១យួរ,ទឹកសុទ្ធ ១កេស ,ឃីត១កញ្ចប់(អាវយឺត១,ក្រមា១) ,ឃីតដំណេក (ភួយ១ មុង១ និងខ្នើយ១) ,កៅស៊ូតង់ ១ផ្ទាំង សម្ភារផ្ទះបាយ ១ឈុត និងថវិកាចំនួន ១,០០០,០០០រៀល (មួយលានរៀលគត់)។ ក្នុងពេលជាមួយគ្នានេះ អនុសាខាកាកបាទក្រហម ក្រុងសំពៅពូន ក៏បានឧបត្ថម្ភជូនជនរងគ្រោះ ១គ្រួសារទៀត ដែលរងផលប៉ះពាល់បន្តិចបន្តួចដោយសារគ្រោះអគ្គិភ័យនេះផងដែរ ដោយទទួលបានអង្ករ ៥០គីឡូក្រាម គ្រឿងបរិភោគមួយចំនួន និងថវិកា ២០ម៉ឺនរៀល។គួររំលឹកផងដែរថា ករណីអគ្គីភ័យនេះបានកើតឡើង កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១១ និង២០នាទី បណ្ដាលឱ្យផ្ទះប្រជាពលរដ្ឋចំនួន ៥ខ្នង ឆេះខូចខាតទាំងស្រុង ប៉ុន្តែមិនមានអ្នករងរបួស ឬបាត់បង់អាយុជីវិតឡើយ។

អត្ថបទទាក់ទង