រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណនេយ្យភាពសង្គមខេត្ត ប្រចាំត្រីមាសទី១ និងលើកទិសដៅការងារបន្តត្រីមាសទី២

+++++++++++ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ កិច្ចប្រជុំបូកសរុបលទ្ធផលការងារគណនេយ្យភាពសង្គមខេត្ត ប្រចាំត្រីមាសទី១ និងលើកទិសដៅការងារបន្តត្រីមាសទី២ឆ្នាំ២០២៦ ដោយមានការចូលរួមពី មន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុកទាំង១៣ និងតំណាងអង្គការជាដៃគូផងដែរ។ ថ្លែងបើកកិច្ចប្រជុំ ឯកឧត្តម ប្រាក់ សារ៉ាត បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ គឺមានសារ:សំខាន់ណាស់ ក្នុងការត្រួតពិនិត្យ លើវឌ្ឍនភាពនៃការអនុវត្តការងារគណនេយ្យភាពសង្គម រយៈពេលត្រីមាសទី១ ហើយក៏ជាការជួបជុំគ្នាដើម្បីចែករំលែកនូវមេរៀនបទពិសោធន៍ការអនុវត្តល្អៗ លើកឡើងអំពីបញ្ហាប្រឈម ដើម្បីរួមគ្នារកដំណោះស្រាយ សំដៅធ្វើឱ្យការអនុវត្តការងារគណនីយភាពសង្គមនៅក្នុងមូលដ្ឋានភូមិសាស្ត្រខេត្តកណ្តាលកាន់តែមានភាពរលូន និងជោគជ័យបន្ថែមទៀត។ឯកឧត្តម ប្រាក់ សារ៉ាត បានបញ្ជាក់ថា ការងារគណនេយ្យភាពសង្គមនេះ គឺមានចក្ខុវិស័យផ្ដោតទៅលើការពង្រឹងភាពជាដៃគូរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមពង្រឹងការចាត់ចែង ការប្រើប្រាស់ថវិកា និងការផ្ដល់សេវាសាធារណៈនៅមូលដ្ឋាន តាមរយៈការលើកកម្ពស់នូវភាពងាយទទួលបានព័ត៌មាន និងការចូលរួមពិនិត្យតាមដានលើការងារថវិកា និងការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅអនុវត្តកិច្ចដំណើរការកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធភាព។ឯកឧត្តម ប្រាក់ សារ៉ាត បានជំរុញដល់អាជ្ញាធរក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបន្តផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋ ឱ្យបានយល់ដឹងអំពីការងារគណនេយ្យភាពសង្គម ត្រូវតាមដាន និងត្រួតពិនិត្យលើការរៀបចំផែនការ និងការប្រើប្រាស់កញ្ចប់ថវិកាមូលនិធិឃុំ សង្កាត់ឱ្យមានប្រសិទ្ធភាព ដើម្បីធានានូវតម្លាភាព គណនេយ្យភាព និងប្រសិទ្ធិភាព ហើយត្រូវធ្វើបច្ចុប្បន្នភាពឱ្យបានច្បាស់លាស់ អំពីផែនការ និងសកម្មភាពការងាររបស់ខ្លួន។

អត្ថបទទាក់ទង