+++++++++ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានបន្តចុះត្រួតពិនិត្យ និងអនុវត្តវិធានការរៀបចំសណ្តាប់ធ្នាប់ តាមដងផ្លូវជុំវិញបរិវេណផ្សារគគីរ តាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីពង្រឹងសណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់សោភ័ណភាពឱ្យកាន់តែមានភាពស្រស់បំព្រង ។នាឱកាសនោះ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖ ការចុះរៀបចំសណ្តាប់ធ្នាប់នេះ គឺដើម្បីកាត់បន្ថយការកកស្ទះនៅជុំវិញតំបន់ផ្សារ ដែលតែងតែបង្កឡើងដោយការចតយានយន្ត និងការលក់ដូររំលោភលើផ្លូវ និងជំរុញឱ្យមានការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជៀសវាងការបោះចោលពាសវាលពាសកាលនៅមុខកន្លែងលក់ដូរ។ បងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់តំបន់នោះ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះសកម្មភាពរបស់អាជ្ញាធរ ព្រោះការរៀបចំសណ្តាប់ធ្នាប់នេះមិនត្រឹមតែធ្វើឱ្យផ្លូវមានភាពទូលាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងធ្វើឱ្យការដើរទិញទំនិញមានភាពងាយស្រួលជាងមុន។ឯកឧត្តម អភិបាលរងខេត្ត ក៏បានបន្តថា៖ អាជ្ញាធរត្រូវណែនាំដល់អាជីវករដែលលក់ដូរលើចិញ្ចើមផ្លូវ ឱ្យរុះរើតូប ឬការដាក់តាំងទំនិញដែលបង្កការរំខានដល់ការធ្វើដំណើររបស់ថ្មើរជើង និងយានយន្ត ពិសេសទៀតនោះគឺស្លាកយីហោរបស់ពួកគាត់លយមកចំណីផ្លូវសាធារណៈ គឺអាជ្ញាធរតម្រូវអោយរុះរើជាបន្ទាន់ដោយគ្មានការលើកលែងឡើយ។ទន្ទឹមនឹងការចុះអនុវត្តនេះ អាជ្ញាធរខេត្តក៏បានអំពាវនាវដល់បងប្អូនអាជីវករទាំងអស់ សូមមេត្តាបន្តចូលរួមសហការជាមួយអាជ្ញាធរ ដោយមិនត្រូវត្រឡប់មកលក់ដូររំលោភលើចិញ្ចើមផ្លូវវិញឡើយក្រោយពេលសមត្ថកិច្ចចេញទៅ។ អាជ្ញាធរនឹងបន្តតាមដាន និងចុះត្រួតពិនិត្យជាប្រចាំ ដើម្បីធានាថាវិធានការនេះមានប្រសិទ្ធភាពយូរអង្វែង។សកម្មភាពនេះសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្ត ក្នុងការកែលម្អជីវភាពរស់នៅ និងបរិយាកាសទូទៅនៅក្នុងភូមិសាស្ត្រខេត្តឱ្យកាន់តែប្រសើរឡើង៕








