ខេត្តកណ្តាល៖ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ បាន ដឹកនាំកិច្ចប្រជុំចំនួន ៣ប្រធានបទ រួមមាន៖ ទី១ ការត្រៀមរៀបចំស្តង់ក្នុងព្រឹត្តិការណ៍ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៩ និងសង្ក្រាន្តកំពង់ធំ នៅខេត្តកំពង់ធំ ទី២ ការត្រៀមការពារសមាជិកចលនាភូមិមួយផលិតផលមួយខេត្ត (ភ១ផ១) ដែលបានដាក់ពាក្យនៅឆ្នាំ២០២៥ ជាមួយនឹងគណៈកម្មាធិការជាតិជំរុញចលនា (ភ១ផ១) និងទី៣ ការងាររៀបចំផ្សារចុងសប្តាហ៍សម្រាប់សមាជិកភ១ផ១ ខេត្តកណ្តាល។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គ្រុយ ម៉ាឡែន បានណែនាំឱ្យបណ្តាក្រុង-ស្រុក មន្ទីរពាក់ព័ន្ធ និងម្ចាស់អាជីវកម្មសិប្បកម្មទាំងអស់ ត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានរឹងមាំក្នុងការការពារគុណភាព និងស្តង់ដារផលិតផលរបស់ខ្លួន ជាមួយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីឱ្យការចុះបញ្ជីទទួលបានជោគជ័យតាមផែនការគ្រោងទុក។ ពាក់ព័ន្ធនឹងការងាររៀបចំផ្សារចុងសប្តាហ៍ ឯកឧត្តមអភិបាលរងខេត្ត បានជម្រុញឱ្យមន្ទីរពាក់ព័ន្ធ ត្រូវបន្តកែលម្អសោភ័ណភាពឱ្យកាន់តែមានភាពទាក់ទាញក្នុងលក្ខណៈទេសចរណ៍។ បន្ថែមពីនេះ ត្រូវមានការតាមដានរបាយការណ៍លក់ដូរឱ្យបានច្បាស់លាស់ និងពិនិត្យលទ្ធភាពពង្រីកចំនួនស្តង់បន្ថែមទៀត ដើម្បីផ្តល់ឱកាសដល់សមាជិក ភ១ផ១ ក្នុងខេត្ត បានដាក់លក់ផលិតផលកាន់តែទូលំទូលាយ ដើម្បីធានាឱ្យបាននូវការលើកកម្ពស់ផលិតផលក្នុងស្រុក ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជួយជ្រោមជ្រែងដល់ជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរឹងមាំ។









