++++++++++++++++++++++++ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅសាលាខេត្តកណ្ដាល ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋជាគ្រួសារវីរៈជនកងទ័ពកម្ពុជា ដែលកំពុងឈរជើងយ៉ាងរឹងមាំក្នុងការការពារបូរណភាពទឹកដីកម្ពុជា ពីការឈ្លានពានរបស់សៀមចំនួន ១គ្រួសារ ដែលកំពុងមានជីវភាពខ្វះខាត និងមានកូនបួននាក់ក្នុងបន្ទុក ដោយមិនមានអ្នកជួយមើលថែ ហើយលោកផ្ទាល់កំពុងឈរជើងយ៉ាងរឹងមាំក្នុងការការពារបូរណភាពទឹកដីកម្ពុជា ពីការឈ្លានពានរបស់សៀម នៅតាមបណ្ដោយព្រំដែន។មានប្រសាសន៍ក្នុងឱកាសជួបសំណេះសំណាល ជាមួយវីរៈកងទ័ព និងសាច់ញាតិវីរៈកងទ័ព ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បាននាំមកនូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា រួមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់បងប្អូនជាសាច់ញាតិរបស់វីរៈកងទ័ព។ ឯកឧត្ដមអភិបាលខេត្តកណ្ដាល បានលើកឡើងថា៖ ប្រមុខថ្នាក់ដឹកនាំយើង គឺតែងតែនៅកៀកកិត និងតែងណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅតាមមូលដ្ឋាន ត្រូវយកចិត្តទុកដាក់តាមដាន ពិនិត្យមើលពីជីវភាពការរស់នៅក៏ដូចជា សុខទុក្ខប្រជាពលរដ្ឋដោយមិនឱ្យពួកគាត់នៅកណ្ដោចកណ្ដែង និងខ្វះការយកចិត្តទុកដាក់ពីអាជ្ញាធររបស់យើងឡើយ។ជាមួយគ្នានេះដែរ ឯកឧត្ដម គួច ចំរើន បានផ្ដាំផ្ញើដល់អង្គការ ហូលី ស្ថិតនៅឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង អោយជួយយកក្មេងទាំងបួនដែលជាកូនរបស់វីរៈកងទ័ព ទៅមើលលថែ និងអោយរៀនសូត្រជំនួសលោកឪពុកវីរៈជនកងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់សៀម នៅតាមបណ្ទាត់ព្រំដែន។ ក្នុងឱកាសនោះដែរ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បានឧបត្ថម្ភអង្គការ ហូលី នូវថវិកា ៥លានរៀល, អង្ករ ២តោន, មី ២០កេស, ត្រីខ ២០យួរ, ទឹកសុទ្ធ ១០០កេស, សម្រាប់គ្រួសារកងទ័ពថវិកា ៣លានរៀល និងកូនៗរបស់វីរៈកងទ័ព ទាំងបួននាក់ ទទួលបាន កាតាប និងឈុតសម្ភារៈសិក្សា(ប៊ិច សៀវភៅ) ព្រមទាំងសំលៀកបំពាក់មួយចំនួនផងដែរ។








