រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអាជ្ញាធរខេត្តកណ្ដាល “ចុះពិនិត្យតាមដាន និងវាយតម្លៃការអនុវត្តការងារស្តារនីតិសម្បទា អនីតិជនទំនាស់នឹងច្បាប់ នៅក្នុងមណ្ឌលយុវនីតិសម្បទា” នៅស្រុកកណ្ដាលស្ទឹង

+++++++++++++ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សន សុផល អគ្គនាយក នៃអគ្គនាយកដ្ឋានស្ដារសម្បទា នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងស្ដារនីតិសម្បទា ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានបើកកិច្ចប្រជុំ ពិនិត្យតាមដាន និងវាយតម្លៃការអនុវត្តការងារស្តារនីតិសម្បទា អនីតិជនទំនាស់នឹងច្បាប់ នៅមជ្ឈមណ្ឌលយុវនីតិសម្បទា ស្ថិតនៅឃុំបាគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលបានការអញ្ជើញចូលរួមពីព្រះរាជអាជ្ញា ចៅក្រមសាលាដំបូងខេត្តកណ្ដាល មន្ទីរ-អង្គភាពពាក់ព័ន្ធ តំណាងអង្គការសង្គមស៊ីវិល និងអាជ្ញាធរស្រុកកណ្តាលស្ទឹងផងដែរ។ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាលមានប្រសាសន៍ថា៖ បច្ចុប្បន្នពន្ធនាគារខេត្តមានជនជាប់ឃុំសរុបចំនួន ៣.៨៧១នាក់ ស្រី១៩៤នាក់ និងអនីតិជន ចំនួន ០៧នាក់ស្រី ក្នុងនោះ ជនត្រូវចោទចំនួន ១.១៥៩នាក់ ស្រី ៧៦នាក់ អនីតិជនចំនួន ០២នាក់ស្រី ជនជាប់ចោទចំនួន ២៦៩នាក់ ស្រី ២០នាក់ អនីតិជនចំនួន ០១នាក់ស្រី ពិរុទ្ធជន ចំនួន ១.៥៧៨នាក់ ស្រី ៦៥នាក់ អនីតិជនចំនួន ០២នាក់ស្រី ទណ្ឌិត ចំនួន ៨៦៥នាក់ ស្រី៣៣នាក់ អនីតិជនចំនួន ០២នាក់ស្រី ជនជាតិបរទេសចំនួន ២០១នាក់ ស្រី ១២នាក់ស្ត្រីមានផ្ទៃពោះចំនួន០២នាក់ និងក្មេងតាមម្តាយចំនួន០៦នាក់ ស្រី០៤នាក់ គិតចាប់ពីដើមឆ្នាំ២០២២ មកដល់បច្ចុប្បន្ន ពន្ធនាគារខេត្តកណ្តាល បានបញ្ជូនអនីតិជនជាប់ឃុំផ្ទេរពី ពន្ធនាគារខេត្តកណ្តាល មកអនុវត្តទោសបន្តនៅមណ្ឌលយុវនីតិសម្បទា សរុបចំនួន ៥១៩នាក់ ប្រុស។ឯកឧត្តមបានបន្តទៀតថា៖ ក្នុងនាមអាជ្ញាធរខេត្ត សូមអំពាវនាវដល់ ស្ថាប័ន និងអ្នកពាក់ព័ន្ឋទាំងអស់ សូមចូលរួមសហការអនុវត្តន៍នូវ វិធានការបង្វែរ និងការដោះលែងដោយមានលក្ខខណ្ឌ ដើម្បីជាឧត្តមប្រយោជន៍ដល់កុមារដែលទំនាស់នឹងច្បាប់ ក្នុងគោលបំណងឱ្យ ពួកគាត់ទទួលបាននូវជម្រើសផ្សេងៗក្រៅពីការឃុំខ្លួន ឬជាប់ពន្ធនាគារ ក៏ដូចជាការបញ្ចៀសនូវការកកស្ទះ ណែនអនីតិជននៅក្នុងពន្ធនាគារ បានត្រឡប់ទៅក្រុមគ្រួសារ សិក្សារៀនសូត្រ ឬទទួលនូវការបណ្តុះបណ្តាលជំនាញផ្សេងៗសម្រាប់ប្រើប្រាស់នាពេលអនាគត និងដើម្បីក្លាយខ្លួនជាពលរដ្ឋល្អ ប្រកបដោយធនធានដ៏មាន សារៈសំខាន់របស់ប្រទេសជាតិនៃយើង។ឯកឧត្តម សន សុផល អគ្គនាយក នៃអគ្គនាយកដ្ឋានស្ដារនិតិសម្បទា មានប្រសាសន៍ថា៖ គោលបំណងនៃការចុះពិនិត្យ តាមដាន និងវាយតម្លៃនេះ ដើម្បីស្វែងរក និងដោះស្រាយបញ្ហាប្រឈម និងសួរសុខទុក្ខអនីតិជនទំនាស់នឹងច្បាប់ ជម្រុញការស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ការដោះលែងដោយមានលក្ខខណ្ឌ ការបែងចែកការឃុំខ្លួនរបស់អនីតិជនឱ្យដាច់ដោយលែងពីនីតិជន ជម្រុញការអនុវត្តវិធានការបង្វែរអនីតិជនទំនាស់នឹងច្បាប់។ឯកឧត្តមបានបន្តទៀតថា៖ កន្លងមកក្រុមការងារចុះតាមទីតាំងពន្ធនាគារ និងមណ្ឌលយុវនីតិសម្បទានៅពេលនេះគឺលើកទី៩ហើយ ដែលបានចុះអនុវត្តការងារ ហើយក៏បានដាក់សំណើរទៅអ្នកពាក់ព័ន្ធ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។ដោយឡែកតាមបណ្តាខេត្តផ្សេងៗគឺមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទទួលតែមួយខេត្តទេ ប៉ុន្តែនៅមណ្ឌលយុវនីតិសម្បទាស្ថិតនៅក្នុងស្រុកកណ្ដាលស្ទឹងនេះ មានមន្ទីរចំនួន៤ ដែលត្រូវធ្វើការងាររួមមានមន្ទីរខេត្តកណ្ដាល មន្ទីរាជធានីភ្នំពេញ មន្ទីរខេត្តកំពង់ស្ពឺ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តតាកែវ ហើយសង្កេតឃើញថាអនីតិជនទំនាស់និងច្បាប់ចំនួន១០៦នាក់នៅក្នុងមជ្ឈមណ្ឌលនេះ បានគ្រប់លក្ខខណ្ឌនៃការដោះលែង។ ឯកឧត្តមក៏បានស្នើសុំដល់សាលាដំបូងខេត្តកណ្ដាលជួយពិចារណា ធ្វើម៉េចពិនិត្យលទ្ធភាពការដោះលែងឲ្យមានកម្រិតខ្ពស់និងស្នើដល់ស្នងការដ្ឋាននគរបាលខេត្ត ក៏ដូចជាបញ្ជាការដ្ឋានកងរាជអាវុធហត្ថ សូមផ្ដល់ព័ត៌មានដល់ភ្នាក់ងារសង្គមកិច្ចគ្រប់នីតិវិធីនៃការអនុវត្តច្បាប់ ចំពោះអនីតិជនទំនាស់និងច្បាប់ នៅពេលសម្ភាសន៍ក៏ដូចជាសួរចម្លើយ ក៏ត្រូវឱ្យភ្នាក់ងារសង្គមកិច្ចចូលរួមផងដែរ។

អត្ថបទទាក់ទង