+++++++++++ខេត្តកណ្តាល៖ មន្ទីរអធិការកិច្ចខេត្តកណ្តាល បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីពង្រឹងសុវត្ថិភាព និងការយល់ដឹងដល់សិស្សានុសិស្សនៅវិទ្យាល័យពុកឫស្សី ស្រុកខ្សាច់កណ្តាល ចំនួន២១៨នាក់ នាព្រឹកថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២៦ ពិធីនេះមានការអញ្ជើញជាអធិបតីពីសំណាក់ លោក គា ប៊ុនថន ប្រធានមន្ទីរអធិការកិច្ចខេត្តកណ្តាល និងលោក លីម ស៊ីលាង អភិបាលរងស្រុកខ្សាច់កណ្តាល ។ថ្លែងក្នុងពិធីនោះ លោក គា ប៊ុនថន ប្រធានមន្ទីរអធិការកិច្ចខេត្តកណ្តាល បានបញ្ជាក់ថា៖ គោលបំណងសំខាន់នៃសិក្ខាសាលាផ្សព្វផ្សាយនេះ គឺដើម្បីបញ្ជ្រាបការយល់ដឹងឱ្យកាន់តែស៊ីជម្រៅអំពីច្បាប់ចរាចរណ៍ផ្លូវគោក កែសម្រួលឥរិយាបថក្នុងការបើកបរ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនៅកម្រិតទាបបំផុតនៅក្នុងភូមិសាស្ត្រខេត្ត។លោកប្រធានមន្ទីរអធិការកិច្ចខេត្ត បានសង្កត់ធ្ងន់ថា៖ ការយល់ដឹង និងការគោរពច្បាប់ចរាចរណ៍ មិនមែនធ្វើឡើងដើម្បីតែគេចវេសពីការផាកពិន័យរបស់សមត្ថកិច្ចនោះទេ ប៉ុន្តែវាគឺជាការការពារអាយុជីវិតខ្លួនឯង គ្រួសារ និងអ្នកដទៃ។ ក្នុងឱកាសនោះ លោក ឯម សត្យា អនុប្រធានការិយាល័យទទួលបន្ទុកដោះស្រាយបណ្តឹង នៃមន្ទីរអធិការកិច្ច បានពន្យល់ និងលើកយកចំណុចសំខាន់ៗនៃច្បាប់មកបង្ហាញ រួមមាន៖ការយល់ដឹងអំពីសញ្ញាចរាចរណ៍ កត្តាហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ការបើកបរលើសល្បឿនកំណត់ ការមិនពាក់មួកសុវត្ថិភាព ឬខ្សែក្រវាត់ និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងការកែសម្រួលច្បាប់ថ្មីៗការធ្វើបច្ចុប្បន្នភាពលើកម្រិតពិន័យអន្តរកាលចំពោះបទល្មើសចរាចរណ៍ផ្សេងៗ។ មន្ទីរអធិការកិច្ចខេត្ត សង្ឃឹមយ៉ាងមុតមាំថា៖ ក្រោយបញ្ចប់ពិធីផ្សព្វផ្សាយនេះ សិស្សានុសិស្សទាំងអស់នឹងគោរពច្បាប់ចររាចរណ៍ និងចែករំលែកចំណេះដឹងទាំងនេះទៅកាន់ក្រុមគ្រួសារ និងសហគមន៍ សំដៅរួមចំណែកកសាងវប្បធម៌ «ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍»៕







