រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកណ្ដាល រៀបចំអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ”

+++++++++++++++++++ខេត្តកណ្ដាល៖ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកណ្ដាល បានរៀបចំអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»ដោយទទួលបានការគាំទ្រពីរដ្ឋបាលខេត្ត នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្ដម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពី កងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជាច្រើននាក់។ ឯកឧត្ដម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖ សិល្បៈ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណី ជំនឿសាសនា គឺជាចរិតលក្ខណៈដ៏ផូរផង់ របស់ជាតិយើង ក្នុងនោះការប្រារព្ធទិវាវប្បធម៌ជាតិ ជារៀងរាល់ឆ្នាំគឺពិតជាមានសារៈសំខាន់ មិនត្រឹមតែជាការរំលឹកដល់គុណូបការៈរបស់បុព្វបុរសខ្មែរគ្រប់ជំនាន់ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបំផុសស្មារតីស្រឡាញ់ ថែរក្សាការពារសិល្បៈវប្បធម៌ជាតិ ដែលជាអត្តសញ្ញាណរបស់ជាតិ និងប្រជាជនយើង។ ឯកឧត្ដមអភិបាលរងខេត្ត បន្តថា៖ ជាក់ស្តែង វិស័យវប្បធម៌និងសិល្បៈ ជាផ្នែកមួយនៃគោលនយោបាយ និងផែនការ សកម្មភាពអាទិភាពនៅគ្រប់អាណត្តិរបស់រាជរដ្ឋាភិបាល ដោយមិនត្រឹមតែជាកិច្ចការពារនូវអត្តសញ្ញាណជាតិ និងប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែយើងក៏បានពង្រឹង និងអភិវឌ្ឍន៍វិស័យ សិល្បៈវប្បធម៌ឱ្យក្លាយជាវិស័យសកម្ម ចូលរួមដោយផ្ទាល់ និងដោយប្រយោលដល់កំណើន សេដ្ឋកិច្ច តាមរយៈសកម្មភាពទេសចរណ៍ និងសកម្មភាពនៃឧស្សាហកម្មច្នៃប្រតិដ្ឋជាដើម។ ដើម្បីសម្រេចបាននូវទស្សនទាននេះ យើងពិតជាត្រូវការនូវកម្លាំងយុវជនបន្តវេន ជាមួយផែនការសកម្មភាពជាក់ស្តែង ដែលមានលក្ខណៈច្បាស់លាស់អាចអនុវត្តបាន និងគំនិតផ្តួចផ្តើមថ្មីៗបន្ថែមទៅលើមូលដ្ឋានដែលមានស្រាប់ ព្រមទាំងគំនិតច្នៃប្រតិដ្ឋរបស់អ្នកប្រតិបត្តិវិស័យ សិល្បៈវប្បធម៌គ្រប់រូបក្នុងក្របខណ្ឌនៃឧស្សាហកម្មវប្បធម៌ ហើយត្រូវសិក្សាស្វែងយល់បទពិសោធន៍របស់បណ្តាប្រទេសដទៃ ដែលកំពុងទទួលបាននូវកំណើនសេដ្ឋកិច្ចពីការចូលរួម យ៉ាងសំខាន់របស់វិស័យសិល្បៈវប្បធម៌។ ឯកឧត្ដមអភិបាលរងខេត្ត បន្ថែមថា៖ ដើម្បីរួមចំណែកថែរក្សាការពារ លើកកម្ពស់តម្លៃសិល្បៈវប្បធម៌ និងទំនៀមទម្លាប់ ប្រពៃណី ដ៏ល្អផូរផង់របស់ជាតិយើង សំដៅបង្កើនសេចក្តីស្រឡាញ់ចំពោះកេរដំណែលវប្បធម៌ បង្កើនការយល់ដឹងអំពី តម្លៃ និងភាពសម្បូរបែបនៃសិល្បៈវប្បធម៌ជាតិ ក្នុងនាមជាអ្នកបន្តវេន យុវជនមានតួនាទីយ៉ាងសំខាន់ក្នុងការជ្រើសរើស ត្រងត្រាប់ និងកែច្នៃវប្បធម៌បរទេសឱ្យស្របតាមគន្លងវប្បធម៌ជាតិដ៏ថ្លៃថ្លារបស់យើង។ យើងត្រូវរួមគ្នាបង្កើតបរិយាកាសមួយ ដែលយុវជនមានមោទនភាពចំពោះវប្បធម៌ខ្មែរ ហើយប្រើប្រាស់វាជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការច្នៃប្រតិដ្ឋនាពេលអនាគត។

អត្ថបទទាក់ទង