មន្ត្រីជាន់ខ្ពស់នៃក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល ត្រូវសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈតាមលទ្ធភាព សន្សំសំចៃការប្រើប្រាស់អគ្គិសនី និងចូលរួមកាត់បន្ថយការប្រើទៅលើការងារដែលមិនសូវចាំបាច់។លោកជំទាវ លីម មុយឡេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើការណែនាំបែបនេះក្នុងឱកាសដែលលោកជំទាវ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅ ការងារបន្តត្រីមាសទី២ ឆ្នាំ២០២៦ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ដោយមានការអញ្ជើញចូលពីឯកឧត្ដម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។លោកជំទាវ រដ្ឋលេខាធិការ បន្តថា៖ បើសង្គ្រាមបន្តឆាបឆេះនៅតំបន់មជ្ឈឹមបូព៌ាអូសបន្លាយនឹងធ្វើឱ្យប្រេង ឡើងថ្លៃទូទាំងពិភពលោកដោយចៀសមិនរួច ក្នុងនោះក៏ប៉ះពាល់ខ្លាំងផងដែរ ដល់ទ្វីបអាស៊ី ក៏ដូចជាអាស៊ីអាគ្នេយ៍ ដែលមានកម្ពុជាផងដែរជាសមាជិកអាស៊ាន បាននឹងកំពុងរងប៉ះពាល់។ ស្ថិតក្នុងកាលៈទេសៈស្ថានភាពដ៏លំបាកទាំងវិបត្តិនៅតំបន់មជ្ឈឹមបូព៌ា និងវិបត្តិបញ្ហាព្រំដែនជាមួយកម្ពុជា និងថៃ ដូចនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បន្តចូលរួមគាំទ្រជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ចដែលបានអំពាវនាវដោយសន្សំ សំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈតាមលទ្ធភាព សន្សំ សំចៃលើការប្រើប្រាស់អគ្គិសនី និងចូលរួមកាត់បន្ថយការប្រើទៅលើការងារដែលមិនសូវចាំបាច់។ក្នុងកិច្ចប្រជុំនេះដែរ លោកជំទាវ រដ្ឋលេខាធិការ បានលើកឡើងថា៖ ក្នុងរយៈពេល ១ត្រីមាស ដើមឆ្នាំ២០២៦នេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានយកចិត្តទុកដាក់ និងខិតខំអនុវត្តនូវរាល់សកម្មភាពការងារដែលបានគ្រោងទុក និងការងារប្រគល់ជូនជាក់ស្តែងមួយចំនួន ពីសំណាក់ថ្នាក់ដឹកនាំក្រសួង ក៏ដូចជារដ្ឋបាលខេត្តកណ្តាល ក្នុងគោលបំណងសំដៅ ជំរុញចក្ខុវិស័យ កសាងតំបន់ជនបទកម្ពុជា ប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ សំដៅធានាបាននូវប្រាក់ចំណូលគ្រួសារប្រកបដោយចីរភាព និងសុខុមាលភាព កាន់តែល្អប្រសើរ ដោយផ្តោតសំខាន់ទៅលើ៖ ការបង្កើនប្រាក់ចំណូលគ្រួសារនៅជនបទ ការបង្កើនសុខុមាលភាព គ្រួសារនៅជនបទ និងការអប់រំសីលធម៌សង្គម ដើម្បីឱ្យមានគុណធម៌ និងក្លាយជាពលរដ្ឋល្អ ដែលជាការរួមចំណែកដ៏សំខាន់ ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។លោកជំទាវ រដ្ឋលេខាធិការ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ក្នុងការអនុវត្តសកម្មភាពតាមតួនាទី ភារកិច្ចយ៉ាងខ្ជាប់ខ្ជួន ក្នុងស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដើម្បីភាពរីកចម្រើនរបស់អង្គភាព និងកិច្ចអភិវឌ្ឍន៍មូលដ្ឋានក្នុងភូមិសាស្ត្រខេត្តកណ្តាលឱ្យកាន់តែប្រសើរសម្រាប់ត្រីមាសបន្តបន្ទាប់ទៀតក្នុងឆ្នាំ២០២៦នេះ។









