ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ និងអាជ្ញាធរស្រុកពញាឮ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក ញឹប ចាន់ មេឃុំផ្សារដែក នៅគេហដ្ឋាននៃសព ស្ថិតនៅឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។ លោក ញឹប ចាន់ មេឃុំផ្សារដែក បានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍ ៣កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១៥:៤៩នាទីរសៀល ក្នុងជន្មាយុ៦៣ឆ្នាំ ដោយរោគាពាធ។ ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងប្រតិភូខេត្តកណ្តាល សូមចូលរួមរំលែកទុក្ខជាមួយ លោកស្រី ចោម សុផាត ព្រមទាំងក្រុមគ្រួសារ និងសូមសម្តែងនូវសេចក្តីសង្វេគចំពោះការបាត់បង់ លោក ញឹប ចាន់ ដែលជាការបាត់បង់នូវ ឧត្តមស្វាមីប្រកបដោយព្រហ្មវិហារធម៌ចំពោះភរិយា និងកូនៗ ចៅៗ ជាទីស្រឡាញ់ដ៏ជ្រាលជ្រៅ។ ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដមអភិបាលខេត្ត ព្រមទាំងប្រតិភូទាំងអស់ សូមចូលរួមរំលែកទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យ និងសូម បួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមមេត្តាជួយបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ លោក ញឹប ចាន់ បានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។









