ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានដឹកនាំក្រុម ការងារពិសេស ដើម្បីចុះបិទកន្លែងថែទាំកុមាររបស់អង្គការមជ្ឈមណ្ឌលទស្សនៈរីករាយ ស្ថិតនៅភូមិត្រពាំងខ្នារ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយមានការចូលរួមពី ព្រះរាជអាជ្ញារងខេត្តកណ្តាល តំណាងក្រសួងសង្គមកិច្ច អតីយុវជន និងយុវនីតិសម្បទា គណៈកម្មាធិការកិច្ចការស្ត្រី និងកុមារ ខេត្ត ស្នងការនគរបាលខេត្ត មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរស្រុក ប្រធានអង្គការ មជ្ឈមណ្ឌលទស្សនៈរីករាយ និងអ្នកពាក់ព័ន្ធផ្សេងទៀត។សូមបញ្ជាក់ផងដែរ អង្គការមជ្ឈមណ្ឌលទស្សនៈរីករាយ បានបំបែកកន្លែងថែទាំជា០២កន្លែង ដែលទីតាំងទី១ ស្ថិតនៅភូមិត្រពាំងខ្នារ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល មានកុមារស្នាក់នៅចំនួន១៤នាក់ ស្រី០៣នាក់ និងទីតាំងទី២ ស្ថិតនៅភូមិព្រៃផ្ចឹកទី២ ឃុំសំរោងលើ ស្រុកអង្គស្នួល មានកុមារស្នាក់នៅ១៥នាក់ ស្រី០៨នាក់។ក្រសួងបានបិទកន្លែងថែទាំកុមាររបស់អង្គការមជ្ឈមណ្ឌលទស្សនៈរីករាយចំនួន ០២ទីតាំងនេះ ដោយសារ កន្លែងថែទាំកុមារទាំង០២នេះ បានប្រព្រឹត្តអំពើហិង្សា ការគំរាមកំហែង ការផ្តល់សេវាថែទាំកុមារមិនស្របតាមបទដ្ឋានអប្បបរមាសម្រាប់ការថែទាំកុមារក្នុងមណ្ឌល និងមិនបានចុះបញ្ជីជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដូចបានកំណត់នៅក្នុងអនុក្រឹត្យ លេខ ១១៩ អនក្រ.បក ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងមណ្ឌលថែទាំកុមារ។










