+++++++++++++++ខេត្តកណ្តាល៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីត យុទ្ធជន និងនិវត្តជនកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកណ្តាល ស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរ ពីសំណាក់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុកផងដែរ។ថ្លែងក្នុងពិធីនេះ ឯកឧត្តម គន់ គីម បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ និងក្តីនឹករលឹក ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគម ជូនចំពោះបងប្អូនសមាជិកអតីតយុទ្ធជន និងនិវត្តជនទូទាំងខេត្តកណ្ដាល។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា អគារនេះសាងសង់ឡើងក្នុងគោលបំណងផ្តល់ជាកន្លែងបំពេញការងារប្រកបដោយភាពសមរម្យ និងមានប្រសិទ្ធភាព សម្រាប់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកណ្តាល ក្នុងការបំពេញបេសកកម្ម និងបម្រើផលប្រយោជន៍ជូនអតីតយុទ្ធជន និងនិវត្តជននៅក្នុងមូលដ្ឋាន។ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងនិវត្តជន គឺជាការបង្ហាញពីគុណតម្លៃនៃការដឹងគុណចំពោះអ្នកដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងបានចូលរួមចំណែកក្នុងបុព្វហេតុជាតិ និងការការពារសន្តិភាព។ ដូច្នេះ សមាគមត្រូវបន្តយកចិត្តទុកដាក់ និងខិតខំបម្រើសមាជិកឱ្យបានកាន់តែល្អប្រសើរ ជាពិសេសការជួយដោះស្រាយបញ្ហាប្រឈម និងលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជន និងនិវត្តជន។ឯកឧត្តមទេសរដ្ឋមន្ត្រី ថ្លែងបន្តថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែណែនាំដល់ថ្នាក់ដឹកនាំសមាគមតាមបណ្តារាជធានី-ខេត្តទាំងអស់ ត្រូវចុះពិនិត្យឱ្យបានជាប់ជាប្រចាំជាមួយអតីតយុទ្ធជន និងនិវត្តជនក្នុងមូលដ្ឋានរស់នៅរបស់ខ្លួន ដើម្បីធានាពីជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាសុខុមាលភាព សំដៅជួយលើកស្ទួយជីវភាពពួកគាត់ឱ្យទទួលបាននូវអត្ថប្រយោជន៍ជាច្រើន និងជីវភាពរស់នៅកាន់តែល្អប្រសើរឡើង។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា ការអនុវត្តគោលនយោបាយជូនអតីតយុទ្ធជន គឺជាការងាររួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ជីវភាពអតីតយុទ្ធជន និងគ្រួសារ ដើម្បីការរស់នៅប្រកបដោយសុខភាព និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធ្វើឱ្យមានភាពធន់ រឹងមាំ និរន្តរភាព និងសមធម៌ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបនូវគុណបំណាច់ដ៏ធំធេងរបស់វីរៈអតីតយុទ្ធជន រាជរដ្ឋាភិបាលបានដំឡើងប្រាក់បៀវត្សប្រចាំខែជូនអតីតយុទ្ធជន គ្រួសារពលី មរណៈ ផ្ដល់ប័ណ្ណ ប.ស.ស ព្យាបាលសុខភាពដោយឥតគិតថ្លៃ ប័ណ្ណសម្គាល់ជនមានពីការភាព ប័ណ្ណក្រីក្រ ដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗពីសង្គមផងដែរ។ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្ត បានឱ្យដឹងថា អគារទីស្នាក់ការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកណ្តាល មានបរិវេណទំហំ ៣៦ម៉ែត្រ គុណនឹង ៥៤ ម៉ែត្រ អគារត្រូវបានសាងសង់ជារចនាបថខ្មែរ ដំបូលប្រក់ក្បឿង មានបណ្តោយ ២៨ ម៉ែត្រ ទទឹង ២២ម៉ែត្រ និងមាន ៧បន្ទប់ រួមមាន៖ បន្ទប់ប្រជុំ១បន្ទប់ បន្ទប់សវនាការ ១បន្ទប់ បន្ទប់ប្រធានសមាគម ១បន្ទប់បន្ទប់ប្រធានកិត្តិយសសមាគម ១បន្ទប់ បន្ទប់លេខាធិការដ្ឋាន ១ បន្ទប់ បន្ទប់រៀបចំទឹក ១បន្ទប់ និងឃ្លាំងសម្ភារៈ ១បន្ទប់ ។ ក្រៅពីការសាងសង់អគារ ក៏មានការបំពាក់សម្ភារៈការិយាល័យ និងការកសាង ហេដ្ឋារចនាសម្ព័ន្ធរួមមាន ការចាក់បេតុងក្នុងបរិវេណទីស្នាក់ការ ការធ្វើរបង ក្លោងទ្វារ ផ្លាកទីស្នាក់ការ ការរៀបចំសួនច្បារ ចំណតរថយន្ត ប្រព័ន្ធស្រោចស្រព ប្រព័ន្ធភ្លើង និងការដាំដើមឈើលម្អផងដែរ។









