+++++++++ខេត្តកណ្ដាល ៖ នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានដឹកនាំប្រតិភូខេត្តកណ្តាល អញ្ជើញចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធ និងអញ្ជើញផ្តល់ភ្លើងបូជាសព ឯកឧត្តម ប៉ុល ថូ អតីតប្រធានមន្ទីរមុខងារសាធារណៈខេត្តកណ្តាល និងជាទីប្រឹក្សាក្រសួងមុខងារសាធារណៈ ដែលបានទទួលមរណភាពនៅថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៦៣ឆ្នាំ ដោយរោគាពាធ ស្ថិតនៅក្នុងបរិវេណវត្តប្រជុំនទី (ក្រពើហា) សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ស្ថិតក្នុងពិធីដ៏ក្រៀមក្រំនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ព្រមទាំងប្រតិភូខេត្តកណ្តាល បានអញ្ជើញ អុជធូប ស្មិងស្មាធិ៍ គោរពឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តម ប៉ុល ថូ អតីតប្រធានមន្ទីរមុខងារសាធារណៈខេត្តកណ្តាល និងជាទីប្រឹក្សាក្រសួងមុខងារសាធារណៈ សូមឆាប់បានចាប់កំណើត ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាឡោះអាល័យជាមួយក្រុមគ្រួសារនៃសពផងដែរ។ឯកឧត្តម ក៏បានថ្លែងនូវការសោកស្តាយចំពោះ មរណភាពរបស់ឯកឧត្តម ប៉ុល ថូ ដែលជាការបាត់បង់នូវស្វាមី បិតា និងជីតា ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅប្រកបដោយព្រហ្មវិហារធម៌ ដែលបានប្រឹងប្រែងអស់កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ប្រកបដោយទឹកចិត្តស្វាមីភក្តី ចំពោះជាតិ និងតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។








