រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ភូមិចំនួន០៧ ក្នុងឃុំព្រះប្រសប់ និងឃុំតាឯក ស្រុកខ្សាច់កណ្តាល ត្រូវបានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យជូនប្រជាពលរដ្ឋមកពិនិត្យពីភាពត្រឹមត្រូវពិតប្រាកដ

+++++++++++ខេត្តកណ្តាល៖ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន ០៧ភូមិ គឺភូមិព្រះប្រសប់ ភូមិព្រែកតាបែន ភូមិព្រែកតាទន់ ភូមិទេពមន្ត្រី ឃុំព្រះប្រសប់ ភូមិតាឯក ភូមិទ្រាំងក្រោម និងភូមិទ្រាំងលើ ឃុំតាឯក ថា៖ការបិទផ្សាយសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនេះគឺពិតជាមានសារៈសំខាន់ ព្រោះដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដី មកពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន​ មុននឹង​វាស់វែងចេញប័ណ្ណកម្មសិទ្ធិ។​​ ឯកឧត្តមបានលើកឡើងបែបនេះក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន ០៧ភូមិ ក្នុង ឃុំព្រះប្រសប់ និងឃុំតាឯក ស្រុកខ្សាច់កណ្តាលស្មើនឹង(៧ ៣៩៥ក្បាលដី) នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។ ឯកឧត្តមអភិបាលរងខេត្តបានបញ្ជាក់ថា៖ ការបិទផ្សាយនូវឯកសារនៃការ​វិនិច្ឆ័យដីធ្លីនេះ មានកាលកំណត់តែក្នុងរយៈពេល១៥ថ្ងៃប៉ុណ្ណោះ ក្រោយការបិទផ្សាយនេះសូមបងប្អូនម្ចាស់ដីទាំងអស់ត្រូវតែប្រញាប់ប្រញាល់ទៅពិនិត្យមើលឱ្យបានគ្រប់ៗគ្នា ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់មកចូលរួមពិនិត្យ និងផ្ទៀងផ្ទាត់លើទិន្នន័យនៃឯកសារវិនិច្ឆ័យដែលដាក់បិទផ្សាយជូនដោយគណៈកម្មការរដ្ឋបាល ចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ។ ឯកឧត្តមបានបន្តទៀតថា៖ អាជ្ញាធររដ្ឋបាលដីធ្លីខេត្ត បានប្រឹងប្រែងក្នុងការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋ ព្រោះមានសារៈសំខាន់ណាស់ដល់ប្រជា​ពលរដ្ឋ ម្ចាស់ដី ដោយមិនចំណាយប្រាក់ច្រើនក្នុងការធ្វើ​ប្លង់រឹងលើដី​​ធ្លី ​ដើម្បី​ធានា​នូវ​សិទ្ធិ​​ធ្វើជា​ម្ចាស់កាន់កាប់ ជាឯកសារសំអាងរឹងមាំបើមានជម្លោះដីពិសេសទៀតនោះ បានធ្វើឱ្យបញ្ហាទំនាស់ដី​ធ្លីត្រូវបានកាត់បន្ថយ​យ៉ាងច្រើនទៀតផង។ ជាមួយគ្នានោះឯកឧត្តមក៏បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារដែលបាននឹងកំពុងបន្តប្រឹងប្រែងក្នុងដំណើរការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ នៅតាមតំបន់គោលដៅ ដោយមិនប្រកាន់និន្នាការនយោបាយ​​អ្វីឡើយ។ ឯកឧត្តមបានធ្វើការក្រើនរម្លឹកដល់មន្ត្រីជំនាញ អាជ្ញាធរគ្រប់ជាន់ថ្នាក់ព្រមទាំងប្រជាពល​រដ្ឋ ត្រូវបន្តការយកចិត្តទុកដាក់ចូលរួមសហការឱ្យបានល្អថែមទៀត ដើម្បីជំរុញឱ្យការអនុវត្តនី តិវិធីនៃការចុះបញ្ជីដីធ្លីនេះប្រព្រឹត្ត​ទៅដោយភាពរលូន និងជោគជ័​យ។ ក្នុងឱកាសនោះលោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្ដាល បានបញ្ជាក់ថា៖ ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចំនួន ០៧ភូមិ គឺភូមិព្រះប្រសប់ ភូមិព្រែកតាបែន ភូមិព្រែកតាទន់ ភូមិទេពមន្ត្រី ឃុំព្រះប្រសប់ ភូមិតាឯក ភូមិទ្រាំងក្រោម និងភូមិទ្រាំងលើ ឃុំតាឯក ស្រុកខ្សាច់កណ្តាល មានចំនួន ៧ ៣៩៥ក្បាលដី ហើយការបិទផ្សាយនាពេលនេះគឺជាលើកទី២២ សម្រាប់ស្រុកខ្សាច់កណ្តាល និងជាលើកទី ៣០១ សម្រាប់ខេត្តកណ្តាលទាំងមូល៕

អត្ថបទទាក់ទង