រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្ដម គួច ចំរើន ផ្ដល់រថយន្តពន្លត់អគ្គីភ័យ ១គ្រឿង ជូនដល់អធិការដ្ឋាននគរបាលស្រុកលើកដែក ដើម្បីអន្តរាគមន៍ក្នុងករណីមានឧបទ្ទវហេតុអគ្គីភ័យឆាប់ឆេះផ្ទះរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកលើកដែក

--------------------------ខេត្តកណ្ដាល៖ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងបញ្ជៀសការខូចខាតទ្រព្យសម្បត្តិធ្ងន់ធ្ងររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកលើដែក នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញផ្ដល់ រថយន្តពន្លត់អគ្គីភ័យចំនួន ១គ្រឿង ដល់អធិការដ្ឋាននគរបាលស្រុកលើកដែក ខេត្តកណ្ដាល។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋក្នុងករណីអគ្គីភ័យឆាប់ឆេះបានទាន់ពេលវេលា គឺតម្រូវឱ្យកងកម្លាំងរបស់យើងត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ ពិសេសត្រូវមានសម្ភារៈគ្រប់គ្រាន់ក្នុងការជួយសង្គ្រោះផងដែរ។ ដូច្នេះការផ្ដល់រថយន្តពន្លត់អគ្គីភ័យនៅពេលនេះ គឺដើម្បីបំពេញបន្ថែមនូវសមត្ថភាពក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីមានអគ្គីភ័យឆាប់ឆេះនៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា និងឈានដល់ការកាត់បន្ថយការខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បានសំណូមពរដល់អធិការដ្ឋាននគរបាលស្រុកលើកដែក បន្ទាប់ពីទទួលបានរថយន្តនេះហើយ សូមធ្វើការថែទាំឱ្យបានល្អ ដើម្បីជាប្រយោជន៍បម្រើប្រជាពលរដ្ឋ និងសង្គមជាតិ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តមានការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីអគ្គិភ័យ ដែលករណីនេះតែងតែកើតឡើងជារើយៗមិនថារដូវវស្សា ឬក៏រដូវប្រាំងនោះទេ ដូច្នេះក្នុងគេហដ្ឋាននីមួយៗគប្បីមានឧបករណ៍សង្រ្គោះបឋមដូចជា បំពង់ពន្លត់អគ្គិភ័យជាដើម ហើយបើទោះបីជាមន្រ្តីជំនាញមានរថយន្ត និងសម្ភារៈទំនើបក្តី ក៏បងប្អូនមិនត្រូវធ្វើការធ្វេសប្រហែសឡើយ។ លោកវរសេនីយ៍ឯក អាំ ធូ អធិការនគរបាលស្រុកលើកដែក បានថ្លែងអំណរគុណចំពោះ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយបានបំពាក់នូវសម្ភារៈ មធ្យាបាយ ជាពិសេស រថយន្តពន្លត់អគ្គិភ័យ ដល់អធិការនគរបាលស្រុកលើកដែក ដើម្បីមានលទ្ធភាពជួយសង្រ្គោះប្រជាពលរដ្ឋ ក្នុងករណីកើតហេតុការណ៍គ្រោះអគ្គិភ័យកើតឡើងនៅក្នុងមូលដ្ឋានស្រុកលើកដែក៕

អត្ថបទទាក់ទង