មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដាល បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ និងលើកកម្ពស់ ការអភិរក្ស គ្រប់គ្រងសម្បត្តិបេតិកភណ្ឌវប្បធម៌ពុទ្ធសាសនា តាមបណ្ដាវត្តអារាមក្នុងខេត្តកណ្ដាល +++++++++++ខេត្តកណ្តាល៖ រសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ លោក ធឹម សំអុល អនុប្រធានមន្ទីរវប្បធម៌ខេត្តកណ្ដាល បានហើយដឹងថា កិច្ចប្រជុំផ្សព្វផ្សាយច្បាប់និងលើកកម្ពស់ ការអភិរក្ស គ្រប់គ្រងសម្បត្តិបេតិកភណ្ឌវប្បធម៌ពុទ្ធសាសនា តាមបណ្ដាវត្តអារាមក្នុងខេត្តកណ្ដាល គឺដើម្បីពង្រឹង និងផ្សព្វផ្សាយកិច្ចការពារបេតិកភណ្ឌតាមរយៈច្បាប់និងចរាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងគណៈសង្ឃនាយក ដែលពាក់ព័ន្ធនិងកិច្ចការពារបេតិកភណ្ឌវប្បធម៌ជាតិ ក្នុងការសំដៅលើកកម្ពស់ការយល់ដឹងពីតម្លៃអត្តសញ្ញាណជាតិ រួមចំណែកអភិរក្សថែរក្សាសំណង់បុរាណដែលកំពុងប្រឈម នៅតាមវត្តអារាមនានា។លោក ធឹម សំអុល អនុប្រធានមន្ទីរវប្បធម៌ខេត្តកណ្ដាល បានបន្តថា៖ ចាប់ពីឆ្នាំ២០១៥មក មន្ទីរបានសហការជាមួយព្រះចៅអធិការវត្ត រដ្ឋបាលក្រុង-ស្រុក អាជ្ញាធរមូលដ្ឋាន បានចុះបញ្ជីសំណង់បុរាណតាមវត្តសរុបចំនួន ១២៩ សំណង់ មានដូចជា៖ ព្រះវិហារចំនួន៧០ សាលាឆាន់ចំនួន១១ សាលាឆទានចំនួន២ ចេតិយចំនួន១៧ ហោត្រៃចំនួន៤ សាលាបុណ្យចំនួន២ ដងទង់ចំនួន១ ផ្ទះចំនួន១ ក្លោងទ្វារចំនួន១ កុដិចំនួន៩ សាលាបាលីចំនួន៦៩៨ស្ថានីយ ប្រាសាទចំនួន២ និងមានទីទួលបុរាណ សំណង់បុរាណជាច្រើនកន្លែងទៀត ដែលមន្ទីរពុំទាន់រុករក និងទទួលដំណឹងអស់នៅឡើយ។លោក ធឹម សំអុល បានទៀតបន្តថា៖ ជាការពិតណាស់ ការថែរក្សា ការពារ ស្ថានីយបុរាណ វត្ថុបុរាណ និងសម្បត្តិបេតិកភណ្ឌវប្បធម៌ដទៃទៀត មិនមែនត្រឹមតែជាភារកិច្ចរបស់ក្រសួងវប្បធម៌ ឬអាជ្ញាធរខេត្ត ស្រុក ឃុំ តែម្ខាងនោះទេ គឺទាមទារមានការចូលរួមចំណែកយ៉ាងសកម្មពីសំណាក់ ព្រះសង្ឃ ប្រជាពលរដ្ឋ និងយុវជនជំនាន់ក្រោយ ក្នុងមូលដ្ឋាន ហើយការថែរក្សា ការពារសម្បត្តិបេតិកភណ្ឌទាំងនោះ ក៏មិនមែនជាប្រយោជន៍របស់បុគ្គលណាម្នាក់នោះដែរ គឺដើម្បីប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងដើម្បីជាតិយើងទាំងមូល ដែលរក្សាបាននូវតឹកតាងប្រវត្តិសាស្ត្រ បង្ហាញអំពីអត្តសញ្ញាណរបស់ជាតិ ដែលបានកកើតតាំងពីយូរលង់ណាស់មកហើយ ដែលមិនអាចឱ្យជាតិសាសន៍ណាមកបំភ្លៃបានឡើយ ព្រោះយើងមានភស្តុតាងជាក់ស្តែងនៅទីនេះ ហើយកូនចៅជំនាន់នេះ និងជំនាន់ក្រោយៗ បន្តសិក្សា ស្រាវជ្រាវឱ្យបានកាន់តែស៊ីជម្រៅនូវប្រវត្តិសាស្ត្ររបស់ជាតិយើង។ លោកស្រី ដឹប អេង អភិបាលរងស្រុកកៀនស្វាយ បានឱ្យដឹងថា៖ នៅក្នុងស្រុកកៀនស្វាយ មានទួលបុរាណចំនួន ៦៤ ទួល មានសំណង់បេតិកភណ្ឌពុទ្ធសាសនា តាមបណ្ដាវត្តអារាម៣០វត្ត ក្នុងនោះ វត្តមានចំនួន១៣ ព្រះវិហារមានចំនួន១១ សាលាឆាន់ចំនួន១ កុដិចំនួន២ ចេតិយចំនួន១ ហោត្រៃចំនួន២ សាលាប្រសូត្រចំនួន១ និងសាលាពុទ្ធិកចំនួន២។








