++++++++++++++ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តចំណូលឆមាសទី១ និងការប៉ាន់ស្មាននៃការអនុវត្តចំណូលប្រចាំឆ្នាំ២០២៥ និងគ្រោងប៉ាន់ស្មានសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ដោយមានការចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត មន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញជាច្រើនរូប។បន្ទាប់ពីបានស្តាប់របាយការណ៍ ស្តីពីការអនុវត្ត ចំណូលឆមាសទី១ និងការប៉ាន់ស្មាននៃការអនុវត្តចំណូលប្រចាំឆ្នាំ២០២៥ និងគ្រោងប៉ាន់ស្មានសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦រួចមក អង្គប្រជុំទាំងមូលបានរួមគ្នាពិនិត្យ ពិភាក្សា និងផ្ដល់មតិយោបល់ទៅលើការប៉ាន់ស្មាននៃការអនុវត្តចំណូលសម្រាប់មន្ទីរអង្គភាពនានា សំដៅធ្វើយ៉ាងណាឲ្យសមស្របទៅតាមលទ្ធភាពជាក់ស្តែងរបស់បណ្ដាមន្ទីរអង្គភាពនានាក្នុងខេត្តកណ្ដាល។ឯកឧត្តម គួច ចំរើន បានគូសបញ្ជាក់ថា កិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យការងារនេះ គឺមានគោលបំណងជំរុញការផ្ដល់សេវាជូនអ្នកជាប់ពន្ធឲ្យមានប្រសិទ្ធភាព ព្រមទាំងផ្ដល់ភាពងាយស្រួល និងភាពជឿទុកចិត្តក្នុងការផ្ដល់សេវាជូនអ្នកជាប់ពន្ធ សំដៅធ្វើឲ្យការងារប្រមូលពន្ធចូលរដ្ឋមានការកើនឡើង ដើម្បីយកមកអភិវឌ្ឍន៏ប្រទេសជាតិក៏ដូចជាអភិវឌ្ឍន៏ ក្នុងខេត្តកណ្ដាល លើគ្រប់វិស័យបានកាន់តែល្អប្រសើរឡើងថែមទៀត។ ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកដល់មន្ត្រីពន្ធដាខេត្ត និងមន្ទីរពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការរកចំណូល ទាំងចំណូលសារពើពន្ធ និងមិនមែនសារពើពន្ធ ជាពិសេសត្រូវខិតខំប្រមូលពន្ធលើអចលបវត្ថុ ដោយចុះស្រង់ស្ថិតឲ្យបានច្បាស់លាស់នៅតាមមូលដ្ឋាននានាក្នុងខេត្ត ដើម្បីកំណើនចំណូលពន្ធរបស់ខេត្តមានការកើនឡើងបន្ថែមទៀត។សូមជម្រាបផងដែរថា ក្នុងកិច្ចពិភាក្សានោះដែរ អង្គប្រជុំបានផ្តោតសំខាន់ទៅលើការប្រមូលពន្ធ អចលនទ្រព្យ និងបង្កើននូវរាល់ចំណូលសារពើពន្ធ និងមិនមែនសារពើពន្ធ ព្រមទាំងបានលើកនូវវិធានការក្នុងការប្រមូលពន្ធ សម្រាប់ខេត្តកណ្តាល ឆ្នាំ២០២៦ផងដែរ។ ក្នុងនោះកិច្ចពិភាក្សាទាំងមូលបានសង្ឃឹមជឿជាក់ថា គម្រោងថវិកាសម្រាប់ឆ្នាំ២០២៦ ដែលទទួលបានពីមកពីចំណូលពន្ធទាំងអស់មានការកើនឡើង ស្របតាមផែនការដែលបានគ្រោងទុក។









