+++++++ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកណ្តាល បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០២៦-២០២៨ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល ព្រមទាំងមានការអញ្ជើញចូលរួមពី មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក និងមន្រ្តីជំនាញពាក់ព័ន្ធផងដែរ ។មានប្រសាសន៍ក្នុងពិធីបើកនេះផងដែរ របស់ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្ត កិច្ចប្រជុំធ្វើឡើងនាពេលនេះមាន គោលបំណងឱ្យអ្នកពាក់ព័ន្ធពិនិត្យគម្រោងដែលបានលើកឡើងដោយរដ្ឋបាលលខេត្ត មន្ទីរ អង្គភាពនានា ជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក និង អ្នកពាក់ព័ន្ធដើម្បីធ្វើការផ្គូផ្គង និងរៀចំតាមលំដាប់អាទិភាព សម្រាប់ការ រៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលបានទាន់ពេលវេលាដែលបានកំណត់ក្នុងប្រតិទិនការងារដែលក្រុមប្រឹក្សា ខេត្តបានអនុម័ត ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១២ កាលពី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥កន្លងមក។ឯកឧត្តម អភិបាលរងខេត្ត ក៏បានបន្ថែមទៀតថា រដ្ឋបាលក្រុង ស្រុក ណែនាំដល់ ឃុំ សង្កាត់ ឲ្យទំនាក់ទំនងជាមួយ មន្ទីរ អង្គភាព អង្គការនានាដែលធ្វើ សកម្មភាពក្នុងមូលដ្ឋានឲ្យផ្តល់ព័ត៌មានអំពីគម្រោង សកម្មភាពរបស់ខ្លួន ដើម្បីបន្ស៊ីជាមួយកម្មវិធីវិនិយោគឃុំ សង្កាត់ ក្រុង ស្រុក ចៀសវាងការគាំទ្រក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគឃុំ សង្កាត់នៅថ្នាក់ ក្រុង ស្រុក នៅក្រៅគម្រោងអាទិភាពឃុំ សង្កាត់។ឯកឧត្តម ក៏បានស្នើដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមគ្រប់សកម្មភាពក្នុងដំណើរការកសាងកម្មវិធីវិនិយោគ ដោយផ្តល់ព័ត៌មាន (ធាតុចូល) បានទាន់ពេលវេលា ដែលក្រុមការងារបានកំណត់ ដើម្បីឲ្យដំណើរការប្រព្រឹត្តិទៅស្របតាមប្រតិទិនការងារ ដែលបានគ្រោងទុក។ក្រុមការងារបូកសរុប និងអ្នកសម្របសម្រួលត្រូវខិតខំឲ្យអស់លទ្ធភាពក្នុងការរៀបចំ កសាងកម្មវិធី វិនិយោគបីឆ្នាំរំកិលបើមានបញ្ហាត្រូវរាយការណ៍និងសុំយោបល់ប្រធានក្រុមការងារ ដើម្បីដោះស្រាយទាន់ ពេលវេលា។










