++++++++++ខេត្តកណ្តាល៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាលនៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដំបូងរបស់គណៈកម្មាធិការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម-លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ លោក-លោកស្រី តំណាងអង្គការសង្គមស៊ីវិលជាតិ និងជាសមាជិកគណៈកម្មាធិការបោះឆ្នោត ព្រមទាំងលោក-លោកស្រី នាយកនាយករងរដ្ឋបាល សាលាខេត្តផងដែរ។ថ្លែងបើកកិច្ចប្រជុំ ឯកឧត្តម នូ សាខន បានមានប្រសាសន៍ថា គណៈកម្មាធិការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ ខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំដំបូងរបស់ខ្លួន ក្នុងគោលបំណងដើម្បី ប្រកាសសមាសភាពគណៈកម្មាធិការបោះឆ្នោត និងផ្សព្វផ្សាយអំពីតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងាររបស់គណៈកម្មាធិការបោះឆ្នោតផ្សព្វផ្សាយអំពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច របស់ការិយាល័យប្រជាពលរដ្ឋខេត្ត ផ្សព្វផ្សាយអំពីនីតិវិធីនៃការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត និងរៀបចំផែនការផ្សព្វផ្សាយ និងកំណត់កាលបរិច្ឆេទនៃការដាក់ពាក្យស្នើសុំឈរឈ្មោះជាបេក្ខជន ការសម្រាំងជ្រើសរើសបេក្ខជន និងការកំណត់កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត។ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍បន្តថា យោងតាមអនុក្រឹត្យលេខ ១៩ អនក្រ.បក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការបង្កើត ការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងខ្លឹមសារសេចក្តីណែនាំលេខ ០២៤ សណន ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ ស្តីពីនីតិវិធីនៃការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យពលរដ្ឋរាជធានី ខេត្ត។គណៈកម្មាធិការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត មានតួនាទីភារកិច្ចធ្វើសេចក្តីជូនដំណឹងផ្សព្វផ្សាយអំពីការដាក់ពាក្យស្នើសុំឈរឈ្មោះជាបេក្ខជនសម្រាប់ បោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ។ រៀបចំបែងចែក និងទទួលពាក្យស្នើសុំឈរឈ្មោះជាបេក្ខជនសម្រាំងបេក្ខជនសម្រាប់ឈរឈ្មោះជាប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត។ រៀបចំ និងបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត និងរៀបចំ និងបោះឆ្នោតអនុម័ត ទៅលើសំណើសុំដកហូតមុខតំណែងប្រធាន អនុប្រធាន ការិយាល័យប្រជាពលរដ្ឋខេត្ត តាមសំណើរបស់សមាជិក១ភាគ៣ នៃក្រុមប្រឹក្សាខេត្ត ឬ សមាជិក ១ភាគ៣ នៃគណៈកម្មាធិការបោះឆ្នោត។សូមបញ្ជាក់ថា ការិយាល័យប្រជាពលរដ្ឋខេត្តកណ្តាល ត្រូវបានដាក់អោយដំណើរការតាមលិខិត លេខ៦៥៦ សជណ ចុះថ្ងៃព្រហស្បតិ៍ ១រោច ខែផល្គុន ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ កន្លងមក រហូតដល់បច្ចុប្បន្ននេះបានដំណើរការយ៉ាងរលូន និងបានខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម។









