++++++++++++ខេត្តកណ្តាល៖ មន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយការកំណត់អត្តសញ្ញាណ និងការផ្សព្វផ្សាយផលិតផលសក្តានុពលកម្ពុជា ដោយបានការអញ្ជើញចូលរួមជាអធិបតីពី ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល និងលោក តាន់ យុវរដ្ឋ អគ្គនាយករងជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ព្រមទាំងមានការចូលរួមអាជ្ញាធរក្រុង-ស្រុក មន្ទីរពាក់ព័ន្ធ ម្ចាស់អាជីវកម្ម សហគ្រាស និងសិប្បកម្មជាច្រើនរូបផងដែរ។ថ្លែងក្នុងសិក្ខាសាលានេះ ឯកឧត្តម ប៊ុន ផេង បានជំរុញដល់ម្ចាស់អាជីវកម្ម សហគ្រាសទាំងអស់ ត្រូវខិតខំពង្រឹង គុណភាព សុវត្ថិភាព ការវេចខ្ចប់ប្រកបដោយអនាម័យ ការដាក់ស្លាកថ្លៃផលិតឱ្យត្រូវតាមបទដ្ឋានបច្ចេកទេស និងតាមតម្រូវការរបស់អ្នកប្រើប្រាស់ជាមួយនឹងតម្លៃល្អ ដើម្បីអាចប្រកួតប្រជែងជាមួយផលិតផលនាំចូល។ ឯកឧត្តមអភិបាលរងខេត្តបានមានប្រសាសន៍ថា ខេត្តកណ្ដាលជាខេត្តមួយដែលមានសក្តានុពលខ្ពស់ក្នុងការទទួលគម្រោងវិនិយោគក្នុងវិស័យកសិកម្ម ឧស្សាហកម្ម នគរូបនីយកម្ម សំណង់ ទេសចរណ៍ សេវាកម្ម និងបណ្តាវិស័យផ្សេងៗទៀត។ គោលដៅអភិវឌ្ឍន៍ក្នុងខេត្តកណ្តាល គឺខិតខំទាក់ទាញវិនិយោគក្នុងស្រុក និងក្រៅស្រុក មកវិនិយោគក្នុងខេត្ត ដើម្បីបង្កើតការងារជូន ប្រជាពលរដ្ឋក្នុងខេត្តមានការងារធ្វើ បង្កើនប្រាក់ចំណូលនិងជីវភាពសមរម្យ ពង្រឹងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា ។ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា ផលិតផលសក្កានុពលរបស់ខេត្តកណ្តាលមានចំនួន ៧មុខ រួមមាន៖ ចម្លាក់ប្រាក់-ស្ពាន់ តម្បាញសូត្រ តម្បាញក្រមា កន្ទេលកក់ ឆៃប៉ូវ កន្ត្រកធ្វើពីវល្លិ៍ថ្លឹង-ស្លឹកទ្រាំង មួក-ផ្ចិត ធ្វើពីស្លឹកត្នោត ផលិតផលទាំងនេះ បាននឹង កំពុងចរាចរលើទីផ្សារ និងជំរុញការផ្សព្វផ្សាយ តាមរយៈការពិព័រណ៍ពាណិជ្ជកម្មក្នុងនិងក្រៅប្រទេស យុទ្ធការទិញផលិតផលខ្មែរ វេទិកាផ្សេងៗ។ តួយ៉ាងសិក្ខាសាលានាពេលនេះក៏បានដាក់តាំងបង្ហាញផលិតផលទាំងនេះផងដែរ ក្នុងគោលបំណងកំណត់នូវអត្តសញ្ញាណ និងផ្សព្វផ្សាយជូនសាធារណជនបានស្គាល់ និងដើម្បីជំរុញផលិតផលទាំងនេះចូលទីផ្សារក្នុងប្រទេសកម្ពុជាឱ្យបានកាន់តែទូលំទូលាយ និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់បន្តថា នៅក្នុងខេត្តរបស់យើងផលិតផលដែលទទួលស្គាល់ពីគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ នៅឆ្នាំ២០២៣ មានសមាជិកចំនួន៣៦ និងឆ្នាំ២០២៤ ចំនួន៤២សមាជិក ក្នុងនោះផលិតផល រួមមាន៖ផ្លែឈើ (មៀន ចេកពងមាន់) បន្លែ (គុយឆាយ ស្លឹកងប់) ត្រី (ពោធិ៍ ឆ្អិន ឆ្ពោះ) មាន់ស្រែ ទឹកក្រូច ក្រមួនលាប គុយទាវសរសៃ ទឹកឃ្មុំ ទឹកត្រី ចម្លាក់ប្រាក់-ស្ពាន់(រូបត្រី រូបសត្វ សម្ភារសក្ការៈចម្រុះ) ស្មុកស្លឹកត្នោត សំបុក្រទឹកមាត់ត្រចៀកកាំ និងកន្ត្រកវល្លិ៍ថ្លឹង។ថ្លែងក្នុងសិក្ខាសាលានេះដែរ លោក តាន់ យុវរដ្ឋ បានលើកទឹកចិត្តដល់បងប្អូនជាម្ចាស់ផលិតករ សិប្បកម្ម អាជីវកម្ម ពាណិជ្ជករ កសិករ អ្នកផ្គត់ផ្គង់ និងដៃគូពាក់ព័ន្ធទាំងអស់ ត្រូវប្រើប្រាស់ឱ្យអស់លទ្ធភាព និងសមត្ថភាពរបស់ខ្លួនក្នុងការផ្លាស់ប្តូរបទពិសោធន៍គ្នាក្នុងការផលិត និងការស្វែងរកអតិថិជន សម្រាប់លក់ផលិតផលរបស់ខ្លួន។ ជាពិសេសយើងទាំងអស់គ្នា ត្រូវតែចូលរួមគាំទ្រផលិតផលខ្មែរដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។








