+++++++++++ខេត្តកណ្ដាល៖ ឯកឧត្ដម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍នៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ១៧ភូមិស្មើនឹង ៧៩៦៩បណ្ណ គឺភូមិកន្តោលតុ ភូមិលំហាច ភូមិកណ្តោស ភូមិត្រពាំងនំ ភូមិព្រៃទទឹង ភូមិព្រៃក្រឡាញ់ ភូមិលាក់កូប ភូមិអណ្តូងទឹក ភូមិទំនប់សាប ភូមិព្រៃចំការ ភូមិព្រៃគោ ភូមិជើងអក ភូមិសេកពង ភូមិពន្លឺ ភូមិតារ័ត្ន ភូមិសុខាភិរម្យ និងភូមិទូករទេះ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ថា៖ ការចែកប័ណ្ណកម្មសិទ្ធជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញ អំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹងយុត្តិធម៌ និងស្ថិរភាពសង្គម។ ឯកឧត្ដម អភិបាលរងខេត្តបន្តថា៖ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ មានសារៈប្រយោជន៍ណាស់សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាសង្គមជាតិទាំងមូលព្រោះការចុះបញ្ជីដីធ្លីនេះបានផ្តល់នូវការធានាបាននូវសិទ្ធពេញលេញជាកម្មសិទ្ធិករស្របច្បាប់លើដីធ្លីតាមរយៈការផ្តល់ជូននូវវិញ្ញាបនបតសម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង)កាត់បន្ថយជម្លោះ និងឈានដល់ការលុបបំបាត់ជម្លោះទាំងស្រុងចំពោះបញ្ហាវិវាទដីធ្លី។ ជាវត្ថុតាងស្របច្បាប់សម្រាប់ផ្ដល់នូវទំនុកចិត្តដល់ម្ចាស់ដីយកទៅប្រើប្រាស់តាមតម្រូវការប្រកបដោយសុវត្ថិភាព និងទំនុកចិត្ត។ ឯកឧត្ដម អភិបាលរងខេត្ត បានសំដែងនូវការអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋទាំង១៧ភូមិ ក្នុងស្រុកអង្គស្នួល ដែលនឹងទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងមានទំនុកចិត្ត លើកម្មសិទ្ធិរបស់ខ្លួនបន្ថែមទៀត។ ក្នុងឱកាសនោះដែរ ឯកឧត្ដម បានផ្តាំផ្ញើដល់រដ្ឋបាលស្រុក អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទបន្តផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត បន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ដោយលុបបំបាត់នូវបទល្មើសគ្រប់ប្រភេទ មានដូចជាចោរលួច ឆក់ ប្លន់ ល្បែងស៊ីសង និងបង្ក្រាបឱ្យបានការជួញដូរនិងប្រើប្រាស់គ្រឿងញៀននៅក្នុងមូលដ្ឋានរបស់ខ្លួន។ លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសូរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា៖ គិតមកដល់ពេលនេះការចុះបញ្ជីបាន ៦៥ឃុំ/ សង្កាត់ លើ១២៧ ឃុំ/សង្កាត់ ស្មើនឹង ៥៨០ភូមិ លើ ១០១០ភូមិ គឺស្មើនឹង៥៧% នៃចំនួនភូមិសរុប ដែលមានក្បាលដីប៉ាន់ស្មានសរុបចំនួន ៨៥៨,៧៥៣ ក្បាលដី ក្នុងនោះបានចេញ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៤២០,៣៦៤ ប័ណ្ណ និងចែកប័ណ្ណបានចំនួន ២៤១ លើក ក្នុងនោះចែកជូនដល់ដៃប្រជាពលរដ្ឋបានចំនួន ៣៤១,៥៣២ប័ណ្ណ ហើយថ្ងៃនេះគឺជាលើកទី២៤២ នៃការចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋទាំង១៧ភូមិស្មើនឹង ៧៩៦៩ប័ណ្ណ ៕









