រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តមអភិបាលខេត្តកណ្តាល ដឹកនាំមន្ត្រីជំនាញចុះពិនិត្យគម្រោងដាក់ប្រព័ន្ធលូផ្លូវលេខ១០៨ សង្កាត់តាខ្មៅ និងប្រឡាយរំដោះទឹកខ្សែទី៣ សង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅ ខេត្តកណ្តាល

+++++++++ខេត្តកណ្តាល៖ព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរក្រុងតាខ្មៅ ចុះពិនិត្យមើលគម្រោងដាក់ប្រព័ន្ធលូប្រអប់ផ្លូវលេខ១០៨ ដែលមានប្រវែង៧៩០ម៉ែត្រ ដែលមានទំហំលូ ២ម៉ែត្រ x២ម៉ែត្រ និងប្រឡាយរំដោះទឹកខ្សែទី៣ ប្រវែង១,៨៥១ម៉ែត្រ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានឱ្យដឹងថា៖ ជារៀងរាល់ឆ្នាំក្នុងតំបន់នេះ នារដូវវស្សាម្ដងៗ តែងតែរងនូវការជន់លិចដោយជំនន់ទឹកភ្លៀង ដែលធ្វើឱ្យប្រជាពលរដ្ឋនៅតំបន់នេះជួបការលំបាកក្នុងការធ្វើដំណើរ ខូចខាតសម្ភារៈពេលទឹកជន់លិច ពេលដែលមានភ្លៀងខ្លាំងម្ដងៗ ដូច្នេះក្រុមការងារបច្ចេកទេសដែលកំពុងអនុវត្តគម្រោង ក្នុងការសាងសង់ប្រព័ន្ធរំដោះទឹកភ្លៀង សូមពន្លឿនការសាងសង់ឱ្យបានលឿននឹងត្រូវបញ្ចប់គម្រោងមុនរដូវភ្លៀងធ្លាក់ខាងមុខនេះ ប្រកបដោយស្តង់ដារបច្ចេកទេស ដើម្បីធានាឱ្យប្រព័ន្ធលូរំដោះទឹកនេះ បានរំដោះទឹកភ្លៀងបញ្ជៀសការជន់លិច កាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋនៅតំបន់នេះផងដែរ។ ឯកឧត្តមអភិបាលខេត្តកណ្ដាល សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់នេះ ក៏ដូចជាប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ ក្នុងដំឡុងពេលអនុវត្តគម្រោងសូមមេត្តាយោគយល់អធ្យាស្រ័យ ដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ បង្កាការរំខានដល់ការរស់នៅ ប៉ុន្តែពេលគម្រោងនេះអនុវត្តរួចរាល់ តំបន់នេះអាចនឹងជៀសផុតការជន់លិចដោយទឹកភ្លៀង ដែលតែងតែលិចជារៀងរាល់ឆ្នាំ។ សូមបញ្ជាក់ផងដែរថា៖ គម្រោងលូរំដោះទឹកភ្លៀងនេះ មានប្រវែង៧៩០ម៉ែត្រ ដោយបានដាក់លូជ្រុងទំហំ ២ម៉ែត្រ x២ម៉ែត្រ គ្រោងនឹងបញ្ចប់នៅចុងខែសីហា ខាងមុខនេះ ដែលមានសមត្ថភាពអាចរំដោះទឹកភ្លៀងបានពី ៥០០០ម៉ែត្រគូប ទៅ៦០០០ម៉ែត្រគូប ក្នុង១ម៉ោង ហើយនៅពេលគម្រោងនេះអនុវត្តរួច តំបន់នេះនឹងលែងមានការជន់លិចដោយជំនន់ទឹកភ្លៀងទៀតហើយ៕

អត្ថបទទាក់ទង