++++++++++++ខេត្តកណ្តាល៖ ភូមិចំនួន៥ ក្នុងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ត្រូវបានបិទផ្សាយ នូវការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋ ដើម្បីមកពិនិត្យទិន្នន័យក្បាលដីរបស់ខ្លួនពីរភាពត្រឹមត្រូវពិតប្រាកដជៀសវាងខុសឆ្គងដោយប្រការណាមួយ ពិធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ នៅវត្តបទុមឌិនសុវណ្ណរារាម (ហៅវត្តថ្មី)។ លោក ស៊ុម ធន់ អភិបាលរងស្រុកកៀនស្វាយ បានលើកឡើងថា៖ ការបិទផ្សាយនូវទិន្នន័យក្បាលដីមានលក្ខណៈជាប្រព័ន្ធ ក្នុងស្រុកកៀនស្វាយ នាពេលនេះគឺជាការផ្តល់សិទ្ធិសុវត្ថិភាពតាមផ្លូវច្បាប់ បង្កើនតម្លៃដីធ្លី និងបញ្ចប់រាល់វិវាទដីធ្លីទាំងឡាយដែលប្រុងនឹងកើតឡើង។ ការចុះបញ្ជីដីធ្លី មានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋជាម្ចាស់ដី និងបានលើកស្ទួយកម្រិតជីវភាពរស់នៅ កាត់បន្ថយទំនាស់ដីធ្លី ធានាសុវត្ថិភាព ក្នុងការកាន់កាប់ដីធ្លី ហើយទទួលបាននូវសិទ្ធិស្របច្បាប់ ក្លាយជាម្ចាស់ដីពិតប្រាកដ ដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ។ ជាមួយគ្នានេះ លោក អភិបាលរងស្រុក បានថ្លែងការសាទរ និងអរគុណចំពោះក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋក្នុងស្រុកកៀនស្វាយ ព្រោះការចុះបញ្ជីលក្ខណៈជាប្រព័ន្ធនេះមានសារៈប្រយោជន៍ច្រើនណាស់សម្រាប់ពលរដ្ឋ ទាំងការគ្រប់គ្រង និងការប្រើប្រាស់ ជាពិសេស អំឡុងពេលដែលក្នុងមូលដ្ឋាន ក៏ដូចប្រទេសជាតិទាំងមូល កំពុងអភិវឌ្ឍ ដែលចាំបាច់ត្រូវមានប្លង់កម្មសិទ្ធិច្បាស់លាស់។ ថ្លែងក្នុងឱកាសនោះដែរ លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងថា៖ ស្រុកកៀនស្វាយ បានបិទផ្សាយរួចមកដល់ពេលនេះបានចំនួន ២១លើក ហើយការបិទផ្សាយនាពេលនេះមាន ចំនួន ០៥ភូមិ គឺភូមិព្រែកដូង២ ភូមិកំពង់ស្វាយ ភូមិកំពង់ស្វាយ២ ភូមិព្រែកតានប់ និងភូមិព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ សរុបមានចំនួន ៦, ៩៣៤ក្បាលដី ដោយគិតចាប់ពីថ្ងៃទី៣១ ខែកក្កដា រហូតដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ដោយមិនគិតថ្ងៃបុណ្យ ឬថ្ងៃឈប់សម្រាកឡើយ។ ក្នុងរយៈពេលនេះ បងប្អូន ប្រជាពលរដ្ឋអាចធ្វើការផ្ទៀងផ្ទាត់ ស្នើសុំកែតម្រូវ ឬតវ៉ាចំពោះចំណុចណាមួយដែលមិនត្រឹមត្រូវបានជាមួយមន្ត្រីសុរិយោដីដែលនៅប្រចាំការនៅទីនេះរយៈពេល១៥ថ្ងៃ៕








