++++++++ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ទីរជំនាញចុះពិនិត្យវឌ្ឍនភាពការស្ថាបនាផ្លូវលេខ១២១៨ (ផ្លូវព្រែកស្បូវ) និងរៀបចំប្រព័ន្ធលូទឹកភ្លៀង ការដាក់លូតាមបណ្តោយផ្លូវជាតិលេខ ២១ និងការងារស្ថាបនាផ្លូវតាមបណ្តោយប្រឡាយ ៧៦ជាបេតុងសសៃដែក នៅសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានជំរុញដល់ក្រុមការងារបច្ចេកទេស និងមន្ត្រីជំនាញ ទាំងអស់ត្រូវពន្លឿនកិច្ចការងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។ការស្ថាបនាផ្លូវលេខ១២១៨ (ផ្លូវព្រែកស្បូវ) ចាក់បេតុងសសៃដែក ប្រវែង ២៧០០ម៉ែត្រ ទទឹង ១២ម៉ែត្រ កម្រាស់ ២០សង់ទីម៉ែត្រ និងរៀបចំប្រព័ន្ធលូទឹកភ្លៀង មុខកាត់ ០,៨ម៉ែត្រ តាមបណ្តោយផ្លូវលេខ១២១៨ និងការស្ថាបនាផ្លូវតាមបណ្តោយប្រឡាយ ៧៦ជាបេតុងសសៃដែក ប្រវែង ១២៣០ម៉េត្រ ទទឹង ១៥ម៉ែតត កម្រាស់ ២០សង់ទីម៉ែត្រ ព្រមទាំងផ្លូវខ្នែង ប្រវែង ៣៧៥ម៉ែត្រ ទទឹង ៨,២៥ម៉ែត្រ កម្រាស់ ២០សង់ទីម៉ែត្រ និងលូប្រអប់ លូមូលកាត់ទទឹងផ្លូវ ៤កន្លែង ។ ការដាក់លូមុខកាត់ ១ម៉ែត្រ តាមបណ្តោយផ្លូវជាតិលេខ ២១ ព្រមទាំងលូប្រអប់កាត់ទទឹងផ្លូវចំនួន៤កន្លែង នៅសង្កាត់សំពៅពូន ក្រុងសំពៅពូន ដែលកំពុងស្ថាបនាគ្រោងនឹងបញ្ចប់នូវចុងឆ្នាំ២០២៥ខាងមុខនេះ៕








