+++++++++++ខេត្តកណ្តាល៖ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល និងជាហេរញ្ញិកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ព្រមទាំងក្រុមការងារ បានទទួលស្វាគមន៍ និងជួបសំណេះសំណាលជាមួយបងប្អូនពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ ទៅលំនៅដ្ឋានវិញតាមរយៈការអន្តរាគមន៍យកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជាក្នុងការដឹកជញ្ជូនបងប្អូនទាំងនោះមកខេត្តគោលដៅរបស់ខ្លួន ដែលពិធីទទួលជួបសំណេះសំណាលនេះ បានធ្វើឡើងនាល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល។ នាឱកាសនោះ លោកជំទាវ ស្រ៊ុន ស្រីនាង បានមានប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះ បងប្អូនពលករទាំងអស់ ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់លើសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដោយមិនទុកបងប្អូនណាម្នាក់ចោលឡើយ ជាពិសេសក្នុងកាលៈទេសៈដែលបងប្អូនជួបទុក្ខលំបាកនានា។លោកជំទាវ បានលើកទឹកចិត្តដល់បងប្អូនពលករ ត្រូវបន្តខិតខំតស៊ូស្វែងរកការងារធ្វើក្នុងស្រុកកំណើតទៅតាមជំនាញរបស់ខ្លួន ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ លើសពីនេះទៀត លោកជំទាវ បានជំរុញដល់អាជ្ញាធរក្រុង-ស្រុក មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការ របស់រដ្ឋបាលខេត្ត ត្រូវជួយសម្របសម្រួលជួយស្វែងរកការងារ ជូនបងប្អូនពលករខ្មែរ និងផ្ដល់ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈមួយច្បាស់លាស់ជូនពួកគាត់។ ជាពិសេសអាជ្ញាធរពាក់ព័ន្ធត្រូវខិតខំផ្តល់សេវានានាជូនដល់ពលករដែលមកពីប្រទេសថៃឲ្យបានឆាប់រហ័សទៅលើបែបបទ ឯកសារនានាក្នុងកំឡុងពេលស្វែងរកការងារក្នុងមូលដ្ឋានខ្លួន។ សូមបញ្ជាក់ថា អាជ្ញាធរខេត្តកណ្តាល បានទទួលបងប្អូនពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ មានទីលំនៅក្នុងខេត្តកណ្តាលនៅថ្ងៃទី២៩នេះ ចំនួន ១៧នាក់ ស្រី ៧នាក់ ដោយម្នាក់ៗទទួលបាននូវអង្ករចំនួន ២៥ គីឡូ មី១កេស និងទឹកសុទ្ធ ១កេស ជាអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ។








