មន្ត្រីជាន់ខ្ពស់ក្រសួង អភិវឌ្ឍជនបទ អំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមថែទាំ និងការពារប្រភពទឹកសម្រាប់ប្រើប្រាស់ ចៀសវាងការបំពុលប្រភពទឹក ដោយកុំបោះសំណល់រឹង រាវ ទៅក្នុងប្រភពទឹកប្រើប្រាស់ សំអាអនាម័យ ដោយ លាងដៃនឹងសាប៊ូ ហូបទឹកសុវត្ថិភាព និងសង់បង្គន់ ឱ្យបានគ្រប់ៗគ្នា។លោកជំទាវ លីម មុយឡេង រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើការអំពាវនាវបែបនេះ នៅក្នុងពិធីបើក-បិទការដ្ឋាន និងដាក់ឱ្យប្រើប្រាស់សមិទ្ធផលប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ ឆ្នាំ២០២៥ ខេត្តកណ្ដាល នៅស្រុកពញាឮ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល មន្ត្រីរាជការមន្ទីរអភិវឌ្ឍជនបទ អាជ្ញាធរស្រកពញាឮ និងប្រជាពលរដ្ឋជាច្រើននាក់។លោកជំទាវ រដ្ឋលេខាធិការ បន្តថា៖ ដ្បិតថា វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ស្ដាប់ទៅហាក់ដូចជាសាមញ្ញ ប៉ុន្តែមែនទែនទៅ វាមានសារសំខាន់ខ្លាំងណាស់សម្រាប់ជីវិតមនុស្ស សត្វ និងរុក្ខជាតិ។ ការប្រើប្រាស់ទឹកគ្មានអនាម័យ រួមនឹងការបន្ទោបង់ពាសវាលពាសកាលគឺជាមូលហេតុចម្បងមួយនៃការបង្កជំងឺឆ្លងមួយចំនួន ដូចជា ជំងឺរាករូស អាសន្នរោគ គ្រុនពោះវៀន និងជំងឺកង្វះអាហារូបត្ថម្ភជាដើម ហើយវាមានទំនាក់ទំនងគ្នាយ៉ាងខ្លាំងទៅនឹងភាពក្រិនរបស់កុមារ ដែលជាកត្តាបន្ទច់បង្អាក់ការលូតលាស់របស់កុមារ ទាំងផ្នែករាងកាយ និងបញ្ញាស្មារតី។លោកជំទាវ រដ្ឋលេខាធិការ បន្ថែមថា៖ ការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពទឹកស្អាត និងអនាម័យ គឺជាតម្រូវការចាំបាច់មួយក្នុងការលើកកម្ពស់សុខុមាលភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ជាពិសេសនៅតំបន់ជនបទ ហើយវិស័យនេះក៏ជាអាទិភាពគន្លឹះមួយក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកប ដោយភាពស្វាហាប់ វៃឆ្លាត និងមានទស្សនៈវែងឆ្ងាយ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអ្នកដឹកនាំបន្តវេនពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាព នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាក់ចេញនូវគោលដៅ ក្នុងការបន្តជំរុញការអនុវត្តផែនការសកម្មភាពផ្គត់ផ្គង់ទឹកស្អាត និង អនាម័យជនបទ ឱ្យសម្រេចបានអត្រាគ្របដណ្ដប់ ១០០ ភាគរយ នៅត្រឹមឆ្នាំ២០៣០។លោកជំទាវ រដ្ឋលេខាធិការ បានបញ្ជាក់ថា៖ សមិទ្ធផលទាំងនេះ ពិតជាកើតចេញពីការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេស ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដែល លោក តែងតែយកចិត្តទុកដាក់ ណែនាំ ចង្អុលបង្ហាញ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការក្រោមឱវាទ ជាពិសេសថ្នាក់ដឹកនាំ និងមន្រ្តីរាការមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី/ខេត្ត ដើម្បីរួមគ្នាគិត រួមគ្នាអនុវត្តន៍ និងរួមគ្នាទទួលខុសត្រូវ ក្នុងបេសកកម្មបម្រើជាតិមាតុភូមិ បម្រើសេចក្ដីត្រូវការ ការដោះស្រាយទុក្ខកង្វល់របស់ប្រជាជនទៅតាមវិស័យនីមួយៗ ដែលជាក់ស្ដែងនាពេលនេះ គឺការខិតខំដោះស្រាយបញ្ហាកង្វះ ទឹកស្អាតជូនប្រជាពលរដ្ឋបានប្រើប្រាស់គ្រប់គ្រាន់ និងទាន់ពេលវេលា។លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានឱ្យដឹងថា៖ ចំពោះសមិទ្ធប្រព័ន្ធផ្គត់ផ្គង់ទឹកជនបទ ឆ្នាំ២០២៥ ខេត្តកណ្ដាលទទួលបាននៅពេលនេះ មានចំនួន ២៧អណ្ដូង នៅក្នុង ៤ក្រុង/ស្រុក ក្នុងនោះ៖ ស្រុកពញាឮ ចំនួន ១៤អណ្ដូង, ស្រុកកណ្ដាលស្ទឹង ចំនួន ១០អណ្ដូង, ស្រុកអង្គស្នួល ចំនួន ២អណ្ដូង និងក្រុងតាខ្មៅ ចំនួន ១អណ្ដូង។បន្ទាប់ពីបញ្ចប់ ពិធីបើក-បិទការដ្ឋាន និងដាក់ឱ្យប្រើប្រាស់សមិទ្ធផលប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ រួចមកលោកជំទាវ លីម មុយឡេង រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមការងារ បានអញ្ជើញពិនិត្យវឌ្ឍនៈភាពផ្លូវបេតុងចំនួន១ខ្សែប្រវែង១៦០០ម ទទឹង៦ម កំពុងស្ថាបនា ដោយកងវិស្វកម្មក្រសួងការពារជាតិ ប្រើប្រាស់ថវិការជំពូក២១ របស់ក្រសួងអភិវឌ្ឍន៍ជនបទភូមិព្រែកឬស្ស ឃុំសំបួរមាស ស្រុកមុខកំពូល។










