រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ប្រតិភូរដ្ឋបាលស្រុកអង្គស្នួល គោរពវិញ្ញាណក្ខន្ធសព លោកព្រឹទ្ធបាលទោ រិន វាសនា នាយរងក្រុមទី២ កងអនុសេនាតូចដឹកជញ្ជូន វរសេនាតូចលេខ៣៩៣ កងពលតូចអន្តរាគមន៍លេខ៩ ចំណុះកងពលធំអន្តរាគមលេខ៣

++++++++++++++ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២៧ ខែកក្តកដា ឆ្នាំ២០២៥ ប្រតិភូរដ្ឋបាលស្រុកអង្គស្នួល ដឹកនាំដោយលោក នូ សុវណ្ណារិទ្ធ អភិបាលស្រុកអង្គស្នួល អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកព្រឹទ្ធបាលទោ រិន វាសនា នាយរងក្រុមទី២ កងអនុសេនាតូចដឹកជញ្ជូន វរសេនាតូចលេខ៣៩៣ កងពលតូចអន្តរាគមន៍លេខ៩ ចំណុះកងពលធំអន្តរាគមលេខ៣ ដែលត្រូវបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធតំបន់មុំបី កាលពីថ្ងៃអាទិត្យ ២កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ នាវេលាម៉ោង ១៨:២០នាទី ក្នុងជន្មាយុ ៣០ឆ្នាំ ក្នុងបុព្វហេតុប្រយុទ្ធលើសមរភូមិជាមួយចោសៀមឈ្លានពាន ដើម្បីការពារបូរណភាពទឹកដីព្រះរាជាណាចក្រកម្ពុជា នៅផ្ទះទីតាំងតម្កល់សព ស្ថិតនៅភូមិត្រពាំងត្រាច ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។ស្ថិតក្នុងមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះ លោក នូ សុវណ្ណរិទ្ធ អភិបាលស្រុកអង្គស្នួល ព្រមទាំងប្រតិភូរដ្ឋបាលស្រុកអង្គស្នូល បានចូលរួមរំលែកទុក្ខជូនគ្រួសារនៃសព ដោយសម្តែងនូវសមានចិត្តដ៏ក្តុកក្តួលចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះការបាត់បង់ដ៏ធំធេងនេះជាមួយក្រុមគ្រួសារនៃសពទាំងមូល ដោយសេចក្តីសង្វេគជាទីបំផុត។ មរណភាពរបស់ លោកព្រឹទ្ធបាលទោ រិនវាសនា មិនត្រឹមតែជាការបាត់បង់នូវស្វាមី ឪពុក ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ចំពោះក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបាត់បង់ពលទាហានដ៏ឆ្នើមមួយរូប របស់កម្ពុជា ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាងប្រកបដោយឆន្ទៈមនសិការដ៏មោះមុត ក្នុងបុព្វហេតុបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងបានការពារបូរណភាពទឹកដីជារៀងរហូតមក។លោក នូ សុវណ្ណរិទ្ធ អភិបាលស្រុកអង្គស្នួល ព្រមទាំងប្រតិភូរដ្ឋបាលស្រុកអង្គស្នូល បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជះបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ របស់លោកព្រឹទ្ធបាលទោ រិនវាសនា បានដល់ឋានបរមសុខ ក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង