--------------------------------------------ខេត្តកណ្តាល៖ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិកម្ពុជា បានធ្វើការណែនាំដល់លោក លោកស្រី វេជ្ជបណ្ឌិត និងគ្រូពេទ្យ ទាំងអស់ក្នុងខេត្តកណ្ដាល អ្នកព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១៧ ខេត្តកណ្តាល ដោយត្រូវគោរពឱ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ ក្នុងការផ្តល់សេវាព្យាបាល និងថែទាំ ទាំងសេវាសាធាណៈ និងឯកជន ស្របទៅនឹងសភាពការណ៍បច្ចុប្បន្ន ដែលប្រទេសកម្ពុជារបស់យើង កំពុងមានបញ្ហាជាមួយប្រទេសថៃខាងនៅតាមព្រំដែន ដូច្នេះយើងទាំងអស់គ្នាជាគ្រូពេទ្យ ត្រូវតែចូលរួមសហការឱ្យបានល្អ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឈ្លានពានរបស់ប្រទេសថៃ ដោយមិនត្រូវឱ្យមានហេតុការណ៍ណាមួយកើតឡើង ដែលបង្កឡើងដោយក្រុមគ្រូពេទ្យរបស់យើងខ្វះក្រមសីលធម៌ និងវិជ្ជីវៈជាគ្រូពេទ្យឡើយ។ ឯកឧត្តមសាស្ត្រាចារ្យ បន្តថា៖ ទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្រនេះ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់លើកកម្ពស់វិជ្ជាជីវៈវេជ្ជសាស្ត្រ ការអភិវឌ្ឍសមត្ថភាព បង្កើនសមត្ថភាព ប្រសិទ្ធិភាព និងស័ក្តិសិទ្ធភាព ដល់លោក លោកស្រីគ្រូពេទ្យ វេជ្ជបណ្ឌិតដែលផ្តល់សេវាព្យាបាល និងថែទាំ ទាំងសេវាសាធាណៈ និងឯកជន ក្នុងការផ្តល់សេវាវេជ្ជសាស្ត្រជូនអ្នកមកទទួលសេវាព្យាបាល និងថែទាំតាមគោលនយបាយ ក្រសួងសុខាភិបាល និងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអណត្តិទី៧។ឯកឧត្តមសាស្ត្រាចារ្យ ស្នើដល់គណៈគ្រូពេទ្យខេត្តកណ្តាល បន្តជំរុញអោយមានគុណភាព និងប្រសិទ្ធភាពខ្ពស់ គ្រូពេទ្យគ្រប់រូបដែលប្រកបការងារក្នុងវិស័យសុខាភិបាលត្រូវចុះបញ្ជីការ និងមានអាជ្ញាបណ្ណអនុញ្ញាត។ បន្តសិក្សារៀនសូត្រ និងប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ រាល់ពេលបំពេញការងារ និងគោរពអោយបានខ្ជាប់ខ្ជួននូវនិយាមវិជ្ជាជីវៈវេជ្ជសាស្ត្រ និងវិន័យ ច្បាប់ទំលាប់នានាៗរបស់អង្គភាព និងក្រសួងសុខាភិបាល។









