--------------------------------ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំកិច្ចប្រជុំ ស្តីពីការណែនាំការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ទូទាំងខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាលនិងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដែលកិច្ចប្រជុំនេះមានការចូលរួម លោក-លោកស្រី អភិបាល អភិបាលរងក្រុង-ស្រុក លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត មន្ត្រីភូមិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ មន្ត្រី មន្ត្រីកិច្ចសន្យា និងនិស្សិតស្ម័គ្រចិត្តវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ តាមបណ្តាក្រុង-ស្រុក ទូទាំងខេត្តកណ្តាល។មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានសូមថ្លែងអំណរគុណ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ក្រុមការងារចុះបញ្ជីដីធ្លី នៃកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី លោក លោកស្រី មេឃុំ-ចៅសង្កាត់ ដែលតែងតែយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ចូលរួមសហការអនុវត្តយ៉ាងសស្រាក់ សស្រាំ ខិតខំពុះពារបំពេញភារកិច្ចការងារជូនប្រជាពលរដ្ឋលើការងារចុះបញ្ជីដីជាប្រព័ន្ធ រហូតទទួលបានលទ្ធផលល្អប្រសើរ ដែលសម្រេចបានរហូតដល់ពេលនេះ។ឯកឧត្ដមអភិបាលខេត្ត បន្តថា៖ ការខិតខំរបស់ លោក លោកស្រី គឺជាការរួមចំណែកយ៉ាងធំ ក្នុងការអនុវត្តប្រកបដោយជោគជ័យ នូវគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល លើវិស័យដីធ្លី និងជាការធានាបាននូវកម្មសិទ្ធិប្រើប្រាស់ដីធ្លីស្របច្បាប់ ជូនបងប្អូនប្រជាពលរដ្ឋ សម្ដៅពង្រឹងយុត្តិធម៌ ស្ថិរភាពសង្គម កាត់បន្ថយនូវជម្លោះដីធ្លី និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយចីរភាព និងបរិយាបន្ន។លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល និងជានាយកចាត់ការកម្មវិធី អនុវិស័យរដ្ឋបាលដីធ្លីខេត្ត បានឱ្យដឹងថា៖ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងខេត្តកណ្តាល បានចាប់ផ្តើមតាំងពីឆ្នាំ ២០០៣ រហូតមកដល់បច្ចុប្បន្ន ហើយបានចុះបញ្ជីចប់ជាស្ថាពរ នៅស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ នឹងកំពុងបន្តនៅក្រុង-ស្រុកចំនួន ១១ ទៀតនៃខេត្តកណ្តាល ហើយគិតមកដល់ពេលនេះ ការចុះបញ្ជីរួចរាល់បានចំនួន ៦៤ ឃុំ/សង្កាត់ លើ ១២៧ ឃុំ/សង្កាត់ ស្មើនឹង ៥៦០ ភូមិ លើ ១០១០ ភូមិ ស្មើនឹង ៥៦% នៃចំនួនភូមិសរុប។









