+++++++++ ខេត្តកណ្តាល៖ លទ្ធផលនៃវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីនីតិវិធីប្រតិបត្តិកិច្ចការពារកុមារសម្រាប់រដ្ឋបាលក្រុង ស្រុក នាពេលនេះគឺជាការជំរុញការអនុវត្តនីតិវិធីប្រតិបត្តិកិច្ចការពារកុមារដើម្បីប្រសិទ្ធភាព និងពង្រីកវិសាលភាពឱ្យបានទូលំទូលាយ ពីគ្រប់ភាគីពាក់ព័ន្ធ ដោយប្រើប្រាស់យន្តការប្រព័ន្ធ ជាពិសេសសម្រាប់ លោក លោកស្រី ដែលទទួលបានវគ្គបណ្តុះបណ្តាលនេះ អាចយកនូវចំនេះដឹងល្អៗដើម្បីបំពេញការងារឱ្យកាន់តែប្រសើរមានការទទួលខុសត្រូវ មានប្រសិទ្ធភាព និងប្រកបដោយវិជ្ជាជីវៈ លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល និងជាប្រធានគ.ក.ស.ក ខេត្ត បានមានប្រសាសន៍បែបនេះ ក្នុងពិធី បិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីនីតិវិធីប្រតិបត្តិកិច្ចការពារកុមារសម្រាប់រដ្ឋបាលក្រុង ស្រុក ទាំង១៣ ដោយមានការចូលរួមពី លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ។ លោកជំទាវ នួន នារតី បានបន្តថា៖ ការចូលរួមជាមតិយោបល់ នឹងចែករំលែកចំណេះដឹង បទពិសោធន៍ការងារ រយៈពេល២ថ្ងៃពេញ គឺសំដៅដល់ការរួមចំណែកដ៏ធំក្នុងការលើកកម្ពស់សុខុមាលភាពកុមារ ឱ្យកាន់តែល្អប្រសើរឡើងថែមមួយកម្រិទៀតទៀត។ ជាមួយគ្នានោះលោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល និងជាប្រធានគ.ក.ស.ក ខេត្ត ក៏បានផ្តល់អនុសាសន៍មួយចំនួន គឺត្រូវយកចំនេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះយកទៅអនុវត្តឱ្យបានច្បាស់អំពីនីតិវិធី និងតួនាទីភារកិច្ច របស់ស្ថាប័ន និងតួអង្គពាក់ព័ន្ធ ដែលត្រូវឆ្លើយតប ឬអន្តរាគមន៍លើករណីកិច្ចការពារកុមារ។ត្រូវបន្តសិក្សាស្វែងយល់បន្ថែមអំពីច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកិច្ចការពារកុមារដើម្បីធានាបាននូវការអនុវត្តនីតិវិធីកិច្ចការពារកុមារ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល និងឆ្លើយតបនិងកិច្ចអន្តរាគមន៍ពាក់ព័ន្ធនឹងករណីកិច្ចការពារកុមារដែលបានកើតឡើងក្នុងមូលដ្ឋានរបស់ខ្លួនឱ្យទាន់ពេលវេលា។ លោកជំទាវបានបន្ថែមទៀតថា៖ យើងត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការទទួលខុសត្រូវដើម្បីបង្កើតឱ្យមានប្រព័ន្ធការពារកុមារមួយច្បាស់លាស់ និងមានប្រសិទ្ធភាព ក្នុងនោះនីតិវិធីប្រតិបត្តិកិច្ចការពារកុមារសម្រាប់រដ្ឋបាលក្រុង ស្រុក ទាំង១៣ ដែលទទួលបន្ទុកកិច្ចការពារកុមារ គ.ក.ស.ក ក្រុង ស្រុកតាមរយៈការបណ្តុះបណ្តាលនេះនឹងជួយពង្រឹងបន្ថែមលើយន្តការកិច្ចការពារកុមារដែលមានស្រាប់ពិសេសពីលំហូរនៃការរាយការណ៍ករណីសង្ស័យពីកិច្ចការពារកុមារ ការកំណត់ជំហានច្បាស់លាស់ក្នុងការអន្តរាគមន៍ និងពង្រឹងយន្តការកិច្ចការពារកុមារថ្នាក់ក្រុង ស្រុក ប្រកបដោយប្រសិទ្ធភាព៕








