+++++++++++ខេត្តកណ្តាល៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី កិច្ចប្រជុំបោះឆ្នោតជ្រើសរើសតំណាងអង្គការសង្គមស៊ីវិលជាតិ សម្រាប់ធ្វើជាសមាជិក គណៈកម្មាធិការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោក-លោកស្រី ជាប្រធាន-អនុប្រធានតាមបណ្ដាលទីចាត់ការចំណុះសាលាខេត្ត ព្រមទាំងតំណាងអង្គការនានាផងដែរ។ឯកឧត្តម នូ សាខន បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសតំណាងអង្គការសង្គមស៊ីវិលជាតិ សម្រាប់ធ្វើជាសមាជិក គណៈកម្មាធិការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកណ្តាលនាពេលនេះ ធ្វើឡើងដើម្បីធានាដល់ការសម្រេចបាននូវគោលបំណងរួម គឺការលើក កម្ពស់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋានឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងសមធម៌សង្គម។ ជាពិសេសវាជាការងារស្នូលសំខាន់របស់ការិយាល័យដើម្បីបំពេញមុខងារដែលខ្វះខាតក្នុងការិយាល័យ សំដៅជួយសម្រួលការងារសំខាន់ៗរបស់ការិយាល័យ ក្នុងការសម្របសម្រួលដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធទៅ នឹងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចជាការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ។ឯកឧត្តម នូ សាខន បានបន្ថែមថា ការិយាល័យប្រជាពលរដ្ឋពិតជាមានសារៈសំខាន់ណាស់ គឺជាតំណាងរបស់ប្រជាពលរដ្ឋដែលកើតចេញពីការបោះឆ្នោតដោយគណៈកម្មាធិការបោះឆ្នោតមួយ ដែលមានសមាជិកមកពីក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ តំណាងសភាពាណិជ្ជកម្ម ឬតំណាងអាជីវករ ប្រធានសមាគមក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ និងតំណាងអង្គការសង្គមស៊ីវិលនៅមូលដ្ឋានមួយចំនួន។ ការិយាល័យនេះ មានតួនាទី សំខាន់ក្នុងការទទួល និងសម្រុះសម្រួលដោះស្រាយពាក្យបណ្តឹងតវ៉ា នានារបស់ប្រជាពលរដ្ឋ ក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ។សូមជម្រាបថា ក្នុងបោះឆ្នោតជ្រើសរើសតំណាងអង្គការសង្គមស៊ីវិលជាតិ សម្រាប់ធ្វើជាសមាជិក គណៈកម្មាធិការបោះឆ្នោតជ្រើសរើស ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកណ្តាល ចំនួន ០៣រូប ក្នុងនោះ មានបេក្ខជនឈរឈ្មោះចំនួន ០៧រូប។ ក្រោយការបោះឆ្នោតបេក្ខជន ដែលបានជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការបោះឆ្នោតទាំង ០៣រូប រួមមាន៖១.លោក ទឹម សាវឿន ២.លោកស្រី អ៊ឹម ឌូ ៣.លោកស្រី ប្រាក់ វ៉ាន់ដា។ បេក្ខជនដែលជាប់ឆ្នោតបម្រុង មានចំនួន ០៤ រូប រួមមាន៖១.លោក អុល សុភ័ក្ត្រ ២.លោក ប្រាក់ សុទ្ធី ៣.លោក យិន សុទ្ធីឬទ្ធា ៤.លោក រឹម ប៊ុនធឿន។









