+++++++++++++++++ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្ដាល បានបើកវគ្គបណ្តុះបណ្តាលដល់គ្រូបង្គោលថ្នាក់ក្រុង-ស្រុក ស្តីពី “នីតិវិធីប្រតិបត្តិកិច្ចការពារកុមារ” ជូនដល់សិក្ខាកាមដែលជាជនបង្គោលមកពីបណ្ដារដ្ឋបាលក្រុង-ស្រុកទាំង១៣ ក្រោមអធិបតីភាពលោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្ដាល ដោយបានការអញ្ជើញចូលរួមពីមន្ទីរពាក់ព័ន្ធ លោក លោកស្រីជាគ្រូឧទ្ទេស និងអង្គការម្លប់ឫស្សីផងដែរ។លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្ដាល មានប្រសាសន៍ថា៖ វគ្គបណ្តុះបណ្តាលពេលនេះគោលបំណងណែនាំស្តីពីនីតិវិធីប្រតិបត្តិកិច្ចការពារកុមារ ដើម្បីផ្តល់កិច្ចការពារកុមាររបស់ខេត្តកណ្តាល ដោយកំណត់ជំហានច្បាស់លាស់សម្រាប់អង្គភាពពាក់ព័ន្ធក្នុងការប្រតិបត្តិ ក្នុងការពង្រឹងប្រព័ន្ធកិច្ចការពារកុមារ ដើម្បីការពារកុមារពីគ្រប់ទម្រង់នៃអំពើហិង្សា ឬកេងប្រវ័ញ្ច និងនីតិវិធីប្រតិបត្តិកិច្ចការពារកុមារសម្រាប់រដ្ឋបាលក្រុង-ស្រុក នឹងចូលរួមពង្រឹងប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីកំណែទម្រង់សេវាសាធារណៈ និងមុខងារដែលរាជរដ្ឋាភិបាល បានផ្ទេរជូនទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាអាទិ៍។លោកជំទាវបានបន្តទៀតថា៖ តាមរយៈវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីប្រតិបត្តិកិច្ចការពារកុមារនេះ បានកំណត់នូវយន្តការ និងការទទួលខុសត្រូវ ដើម្បីបង្កើតឱ្យមានប្រព័ន្ធការពារកុមារមួយច្បាស់លាស់ និងមានប្រសិទ្ធភាព រួមមាន គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារីនិងកុមារឃុំ សង្កាត់ (គ.ក.ន.ក.) គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ (គ.ក.ស.ក.) ខេត្ត និងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការជាមួយកុមារ ទាំងនេះគឺជាយុទ្ធសាស្ត្របង្ហាញពីការយកចិត្តទុកដាក់ និងមានចក្ខុវិស័យដ៏ត្រឹមត្រូវរបស់រដ្ឋបាល ខេត្តកណ្តាល ក្រោមការដឹកនាំប្រកបដោយឈ្លាសវៃ និងស្វាហាប់របស់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត ដោយអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណិត្តទី៧ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ជាពិសេសផែនការយុទ្ធសាស្ត្រ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងមហាផ្ទៃ ក្នុងការលើកកម្ពស់សុខុមាលភាព និងកិច្ចការពារជនរងគ្រោះ និងងាយរងគ្រោះប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល សមធម៌ និងបរិយាប័ន្ន ដើម្បីឱ្យពួកគេទទួលបានសិទ្ធិ សេចក្តីថ្លៃថ្នូរ និងឧត្តមប្រយោជន៍ពេញលេញ។លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្ដាល ក៏បានសំណូមពរដល់លគ្រូបង្គោលទាំងអស់ សូមមេត្តាជួយច្បិចយកចំណុចសំខាន់ៗទាំងអស់ ហើយឱ្យខ្លឹមដែលគិតថាជាកន្លែងដែលសំខាន់ ឲ្យសិក្ខាកាមទាំងអស់បានយល់អោយច្បាស់ ហើយសិក្ខាកាមយើងទាំងអស់ត្រូវចូលរួមជាសំណួរចម្លើយឲ្យបានច្រើនផុសផុល ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ ហើយចំពោះបទល្មើសកេងប្រវ័ញ្ចកុមារតាមប្រព័ន្ធ offline និងប្រព័ន្ធ online ត្រូវយកមកបូកបញ្ចូលគ្នាដើម្បីចែករំលែកនៃបទពិសោធន៍ឲ្យបានទូលំទូលាយ និងស្នើដល់សិក្ខាកាមទាំងអស់ សូមមេត្តាយកចិត្តទុកដាក់ស្ដាប់នូវបទបង្ហាញរបស់គ្រូឧទ្ទេស ដើម្បីទទួលបានចំណេះដឹងទាំងអស់នេះទៅអនុវត្តនៅតាមមូលដ្ឋានរបស់ខ្លួនឲ្យទទួលបានលទ្ធផលល្អប្រសើរ។









