----------------------------------------------ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ មន្ទីរកិច្ចការនារីខេត្តកណ្ដាល សហការជាមួយរដ្ឋបាលស្រុកមុខកំពូល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពី “ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ” ក្រោមអធិបតីភាព លោកជំទាវ ស៊្រុន ស្រីនាង អភិបាលរងខេត្តកណ្តាល ដែលវេទិកានេះប្រារព្ធធ្វើនៅបរិវេណវត្តអន្លង់ស្លែង ស្ថិតនៅឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។ មានប្រសាសន៍ក្នុងវេទិកា លោកជំទាវ ស៊្រុន ស្រីនាង អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖ ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ គឺដើម្បីពង្រឹង ថែរក្សា ការពារវប្បធម៌ ទំនៀមទំលាប់ប្រពៃណីជាតិ ក្នុងការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ប្រកបដោយសុភមង្គល សំដៅបំផុសស្មារតីឱ្យប្រជាពលរដ្ឋ សិស្សានុសិស្សចេះអប់រំខ្លួនឯង យល់ដឹងកាន់តែច្បាស់ពីតម្លៃពិត នៃទំនៀមទំលាប់ វប្បធម៌ ប្រពៃណី សីលធម៌ សុជីវធម៌ ដ៏ល្អផូរផង់របស់ខ្មែរយើង ហើយក៏មិនចង់ឃើញប្អូនៗយុវវ័យ សិស្សានុសិស្ស ប្រជាពលរដ្ឋខ្មែរយើងមួយចំនួន មានការភ្លើតភ្លើន ហួសហេតុនាំឱ្យប្រាសចាកពីវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ និងសីលធម៌សង្គមឡើយ។ លោកជំទាវ អភិបាលរងខេត្ត បន្តថា៖ ការលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រី និងគ្រួសារខ្មែរ ជាវេទិកាដ៏សំខាន់មួយដែលរាជរដ្ឋាភិបាល កំពុងតែយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋ និងប្អូនៗសិស្សានុសិស្ស ដើម្បីប្រកាន់ភ្ជាប់ពីតម្លៃ សីលធម៌ សុជីវធម៌ វប្បធម៌ អរិយធម៌ ដ៏ផូរផង់ ដ៏វិសេសវិសាល ដែលបានបន្សល់ទុកពីបុព្វបុរសយើង នូវមរតកថ្លៃថ្លាដ៏សម្បូរបែបដល់កូនចៅជំនាន់ក្រោយ។ ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរនេះ ក៏ជាការជំរុញ ការផ្សព្វផ្សាយលើកកម្ពស់មនសិការ និងស្មារតីចូលរួម និងទទួលយក នូវចំណេះដឹងសំដៅ ជំរុញការគោរព ថែរក្សា អភិរក្ស ដើម្បីសាមគ្គីភាព ឯកភាពជាតិ សុខដុមរមនា និងភាពសុខសាន្តរបស់សង្គមជាតិ។ ជាមួយគ្នានេះផងដែរ លោកជំទាវ អភិបាលរងខេត្ត បានអំពាវនាវដល់អាជ្ញាធរ លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាល សូមពង្រឹង និងបង្កើនកិច្ចសហការក្នុងការអប់រំអំពីសីលធម៌ និងសុជីវធម៌ដល់កូនៗ សិស្ស និស្សិត និងយុវជនទាំងក្នុង និងក្រៅប្រព័ន្ធអប់រំ រួមទាំងការបន្តលើកកម្ពស់ការគោរពសីលធម៌ តម្លៃស្ត្រី សេចក្តីថ្លៃថ្នូរ ក្នុងគ្រួសារ និងសង្គមខ្មែរ។ បណ្តុះ ទម្លាប់មានសីលធម៌ គុណធម៌ និងសុជីវធម៌ និងទម្លាប់គោរពច្បាប់និងវិន័យ។











