រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុក និងពិធីបុណ្យឯករាជ្យជាតិ ឆ្នាំ២០២៥

ខេត្តកណ្តាល៖ រសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុក និងពិធីបុណ្យឯករាជ្យជាតិ ឆ្នាំ២០២៥។លោកឧត្តមអគ្គានុរក្ស ថ្នាក់លេខ២ ឯម និមល ប្រធានពន្ធនាគារខេត្តកណ្តាល បានឱ្យដឹងថា៖ ក្រុមការងារប្រឡងប្រណាំងពន្ធនាគារខេត្ត បានប្រជុំសម្រេច ជ្រើសរើសយក ទណ្ឌិត ចំនួន ៣៦នាក់ ស្រី០៤នាក់ មកធ្វើការ ដាក់ជូនគណៈកម្មការថ្នាក់ខេត្ត ដើម្បីធ្វើការពិនិត្យវាយតម្លៃ។ លោកប្រធានពន្ធនាគារខេត្ត បន្តថា៖ ទណ្ឌិតដែលជ្រើសរើសយកមកធ្វើការដាក់ជូនគណៈកម្មការថ្នាក់ខេត្ត ដើម្បីធ្វើការពិនិត្យវាយតម្លៃ ត្រូវបានបំពេញលក្ខណៈសម្បត្តិប្រឡងប្រណាំងមាន០៤យ៉ាងដូចជា៖១. ទទួលស្គាល់ទោសកំហុស ដូចបានកំណត់ក្នុងសាលក្រម និងសាលដីកាស្ថាពរ ហើយតាំងចិត្តកែប្រែ ខ្លួន ដើម្បីកសាងខ្លួនជាពលរដ្ឋល្អ អាចធ្វើសមាហរណកម្មទៅសង្គមជាតិវិញ ពេលអនាគត។២. គោរព និងអនុវត្តម៉ឺងម៉ាត់វិន័យបទបញ្ជាផ្ទៃក្នុងពន្ធនាគារ។ សកម្មក្នុងការចូលរួមបង្កាទប់ស្កាត់រាល់ទង្វើ ល្មើស របស់អ្នកទោសផ្សេងទៀតក្នុងពន្ធនាគារ ។ មិននិយាយ ឬ ប្រព្រឹត្តទង្វើទាំងឡាយណាដែលជះឥទ្ធិពលមិនល្អ ដល់អ្នកដទៃ។៣. សកម្មក្នុងការងារពលកម្ម និងរៀនវិជ្ជាជីវៈប្រកបដោយស្មារតីភ្ញាក់រលឹក។ ប្រឹងប្រែងធ្វើឲ្យបានសម្រេច តាមផែនការកំណត់ ដែលមានឥទ្ធិពលក្នុងការជំរុញចលនាប្រឡងប្រណាំង ក្នុងចំណោមទណ្ឌិតទាំងឡាយ បង្កើតគំនិតច្នៃប្រឌិត ដែលត្រូវបានទទួលស្គាល់ និងបញ្ចូលទៅក្នុងការងារអប់រំ ការងារពលកម្ម និងបង្រៀនវិជ្ជាជីវៈ។៤. សកម្មលត់ដំ និងអប់រំខ្លួន កសាងចរិយាមារយាទលើកកំពស់សីលធម៌រស់នៅ គោរពកិត្តិយស និងសេចក្តីថ្លៃថ្នូរចំពោះខ្លួនឯង និងចំពោះអ្នកដទៃ ដើម្បីឲ្យក្លាយជាពលរដ្ឋស្លូតត្រង់ មានប្រយោជន៍សម្រាប់សង្គមជាតិ ព្រមទាំងមានស្មារតីជួយដល់ទណ្ឌិតដទៃទៀត ឲ្យខិតខំកសាងខ្លួន ដើម្បីភាពរីកចំរើនទាំងអស់គ្នា។

អត្ថបទទាក់ទង