+++++++++++ខេត្តកណ្តាល៖ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ បូកសរុបការងារគណនេយ្យភាពសង្គម ប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៥ ដោយមានការចូលរួមពីអាជ្ញាធរក្រុង-ស្រុកទាំង១៣ មន្ទីរអង្គភាពពាក់ព័ន្ធ និងតំណាងអង្គការជាដៃគូផងដែរ។ ថ្លែងបើកកិច្ចប្រជុំ ឯកឧត្តម ប្រាក់ សារ៉ាត បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ គឺមានសារ:សំខាន់ណាស់ ក្នុងការត្រួតពិនិត្យ លើវឌ្ឍនភាពនៃការអនុវត្តការងារគណនេយ្យភាពសង្គម រយៈពេល១ឆមាស ហើយក៏ជាការជួបជុំគ្នាដើម្បីចែករំលែកនូវមេរៀនបទពិសោធន៍ការអនុវត្តល្អៗ លើកឡើងអំពីបញ្ហាប្រឈម ដើម្បីរួមគ្នារកដំណោះស្រាយ សំដៅធ្វើឱ្យការអនុវត្តការងារគណនីយភាពសង្គមនៅក្នុងមូលដ្ឋានខេត្តកណ្តាលកាន់តែមានភាពរលូន និងជោគជ័យបន្ថែមទៀត។ឯកឧត្តម ប្រាក់ សារ៉ាត បានបញ្ជាក់ថា ការងារគណនេយ្យភាពសង្គមនេះ គឺមានចក្ខុវិស័យផ្ដោតទៅលើការពង្រឹងភាពជាដៃគូរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមពង្រឹងការចាត់ចែង ការប្រើប្រាស់ថវិកា និងការផ្ដល់សេវាសាធារណៈនៅមូលដ្ឋាន តាមរយៈការលើកកម្ពស់នូវភាពងាយទទួលបានព័ត៌មាន និងការចូលរួមពិនិត្យតាមដានលើការងារថវិកា និងការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅអនុវត្តកិច្ចដំណើរការកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធភាព។ឯកឧត្តម ប្រាក់ សារ៉ាត បានជំរុញដល់អាជ្ញាធរក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបន្តផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋ ឱ្យបានយល់ដឹងអំពីការងារគណនេយ្យភាពសង្គម ត្រូវតាមដាន និងត្រួតពិនិត្យលើការរៀបចំផែនការ និងការប្រើប្រាស់កញ្ចប់ថវិកាមូលនិធិឃុំ សង្កាត់ឱ្យមានប្រសិទ្ធភាព ដើម្បីធានានូវតម្លាភាព គណនេយ្យភាព និងប្រសិទ្ធិភាព ហើយត្រូវធ្វើបច្ចុប្បន្នភាពឱ្យបានច្បាស់លាស់ អំពីផែនការ និងសកម្មភាពការងាររបស់ខ្លួន។ ជាពិសេសត្រូវបង្កើនការប្រមូល ការបញ្ចូនទិន្នន័យ ការផលិត Post-on (លទ្ធផលការងារ) និងការបិទផ្សាយកញ្ចប់ព័ត៌មាន (I4C) សម្រាប់ប្រជាពលរដ្ឋ នៅតាមកន្លែងផ្ដល់សេវា រួមមាន៖ មណ្ឌលសុខភាព សាលាក្រុង-ស្រុកឃុំ-សង្កាត់ និងសាលាបឋមសិក្សា និងត្រូវបន្តខិតខំបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធទិន្នន័យ I-SAF ឱ្យបានទាល់ពេលវេលា។សូមជម្រាបផងដែរថា ក្នុងឆមាសទី១នេះ ចំនួនអង្គភាពផ្តល់សេវា ដែលបានអនុវត្តការងារគណនេយ្យភាពសង្គមក្នុងខេត្តកណ្តាល សរុបចំនួន៦១៥ អង្គភាព ក្នុងនោះ ៖ រដ្ឋបាលក្រុង-ស្រុក ទាំង១៣ រដ្ឋបាលឃុំ-សង្កាត់ទាំង១២៧ មណ្ឌលសុខភាពទាំង ១១០ និងសាលាបឋមសិក្សាចំនួន ៣៦៥។











