+++++++++++ខេត្តកណ្តាល៖ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអអធិការកិច្ចខេត្តកណ្តាល នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ប្រាក់ ផាន់ណារ៉ា រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានមានប្រសាសន៍ថា៖ ការងារអធិការកិច្ច ពិតជាមានភាពចាំបាច់ ដើម្បីឆ្លើយតបនឹងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ដោយបន្តកែទម្រង់ស៊ីជម្រៅ ទូលំទូលាយ មានសង្គតភាព ដែលនឹងផ្តោតលើការលើកកម្ពស់អភិបាលកិច្ច និងសមត្ថភាពស្ថាប័ន ប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន។ ឯកឧត្តមបានបន្ថែមថា៖ វិស័យអធិការកិច្ច ជាគ្រឹះមួយនៃការការគ្រប់គ្រងរដ្ឋដោយនីតិរដ្ឋ ដោយផ្តោតសំខាន់លើការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ តាមដាន អង្កេត ស្រាវជ្រាវ វិភាគ និងវាយតម្លៃលើភាពត្រឹមត្រូវនៃការអនុវត្តគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត និងប្រតិបត្តិការឬការប្រព្រឹត្តណាមួយ ដើម្បីស្វែងរកចំណុចខ្វះខាតនៃការគ្រប់គ្រងរបស់ស្ថាប័នរដ្ឋនិង/ឬរូបវន្តបុគ្គលឬនីតិបុគ្គល ដែលជាប់កាតព្វកិច្ចតាមច្បាប់កំណត់ ឬពាក់ព័ន្ធនឹងផលប្រយោជន៍សាធារណៈ។ ម្យ៉ាងទៀត ក៏ផ្តោតសំខាន់លើការទទួលពាក្យបណ្ដឹង និងដោះស្រាយបណ្ដឹងផងដែរ។ ឯកឧត្តមបន្តថា៖ ដើម្បីសម្រេចឱ្យបានលទ្ធផលជាផ្លែផ្កា ស្របទៅតាមចក្ខុវិស័យ និងបេសកកម្មជាយុទ្ធសាស្ត្រ ដែលបានលើកឡើងខាងលើ យើងទាំងអស់គ្នាដែលជាថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីរាជការទាំងអស់ត្រូវជំរុញសាមគ្គីភាព ឯកភាព និងគោរពការចាត់តាំង សំដៅសម្រេចបាននូវលទ្ធផលជាទីមោទនៈ។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ មន្ទីរអធិការកិច្ចខេត្តកណ្តាល ដែលមានសោភ័ណភាពបានស្អាត មានសណ្តាប់ធ្នាប់ និងមានរបៀបរៀបរយល្អ ព្រមទាំងមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អរវាងថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្នុងមន្ទីរ។ ក្នុងឱកាសនោះដែរ៖ ឯកឧត្តមក៏សូមឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ចេះយោគយល់អធ្យាស្រ័យ គ្នាឈរលើកត្តាសាមគ្គី ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ។ លោក គា ប៊ុនថន ប្រធានមន្ទីរអធិការកិច្ចខេត្តកណ្តាល បានថ្លែងថា៖ មន្ទីរអធិការកិច្ច ខេត្តកណ្តាល ជាសេនាធិការឲ្យក្រសួងអធិការកិច្ច ដែលបំពេញការងារក្នុងដែនសមត្ថកិច្ច របស់រដ្ឋបាលខេត្តកណ្តាល ដើម្បីរួមចំណែកអនុវត្តគោលបំណងគោលនយោបាយរបស់ក្រសួង គឺការលើកកម្ពស់ ភាពស្អាតស្អំ ក្នុងរដ្ឋបាលសាធារណៈ ដើម្បីពង្រឹងអភិបាលកិច្ចតាមរយៈអធិការកិច្ច ដោះស្រាយបណ្ដឹង និងការអប់រំ ផ្សព្វផ្សាយច្បាប់។ក្នុងនោះបានចុះផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក សរុបចំនួន ១០លើក ដែលមានសមាជិកចូលរួមសរុប ចំនួន ៣,២៥០នាក់ ស្ត្រី១,៥៩២នាក់ នៅក្នុងស្រុកកោះធំ ចំនួន ០១លើក, ស្រុកកៀនស្វាយចំនួន ០២លើក, ស្រុកពញាឮ ចំនួន ០២លើក . ស្រុកមុខកំពូល ចំនួន ០១លើក, ក្រុងអរិយក្សត្រចំនួន ០១លើក, ស្រុកកណ្តាលស្ទឹងចំនួន ០១ លើក, និងស្រុកស្អាង ចំនួន ០២លើក។លោកបានបញ្ជាក់បន្ថែមថា៖ មន្ទីរអធិការកិច្ចខេត្តកណ្តាល បានចូលរួមក្នុងគណៈកម្មការសម្របសម្រួល និងដោះស្រាយទំនាស់ដីធ្លីខេត្តកណ្តាល មានចំនួន៥ក្រុម ដែលមានបណ្តឹងសរុបចំនួន ២៨០ករណី កំពុងស៊ើបអង្កេត ២៣០ករណី និង បញ្ចប់បាន ៥០ករណី៕







