+++++++++ខេត្តកណ្តាល៖ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖ ការបិទផ្សាយជាសាធារណៈឯកសារ នៃការវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺមានសារៈសំខាន់ណាស់ ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដី ទៅពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន។នេះជាការលើកឡើងរបស់ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល ក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន ០៥ភូមិ គឺភូមិសាមគ្គី ភូមិវត្តថ្មី ភូមិវត្តចាស់ ភូមិឡឥដ្ឋ និងភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ដែលមានចំនួន ៨,០៦៨ក្បាលដី នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងបរិវេនវត្តមហានិគ្រោធ (ហេហៅវត្តចាស់)។ ឯកឧត្តម បានបញ្ជាក់ទៀតថា៖ ការបិទផ្សាយនូវឯកសារនៃការវិនិច្ឆ័យដីធ្លីនេះ មានកាលកំណត់តែក្នុងរយៈពេល១៥ថ្ងៃប៉ុណ្ណោះ គិតចាប់ពីថ្ងៃទី១៥ ខែកក្កដា រហូតដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោយការបិទផ្សាយនេះទៅ បងប្អូនម្ចាស់ដីទាំងអស់ត្រូវតែប្រញាប់ប្រញាល់ទៅពិនិត្យមើលឱ្យបានគ្រប់គ្នា។ ឯកឧត្តមបានបន្តថា៖ អាជ្ញាធររដ្ឋបាលដីធ្លីខេត្ត បានប្រឹងប្រែងក្នុងការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋ ដោយមិនចំណាយប្រាក់ច្រើនក្នុងការធ្វើប្លង់រឹងលើដីធ្លី ដើម្បីធានានូវសិទ្ធិធ្វើជាម្ចាស់កាន់កាប់ ជាឯកសារសំអាងរឹងមាំបើមានជម្លោះដីពិសេសទៀតនោះ បានធ្វើឱ្យបញ្ហាទំនាស់ដីធ្លីត្រូវបានកាត់បន្ថយយ៉ាងច្រើនទៀតផង។ ជាមួយគ្នានោះឯកឧត្តមអភិបាលរងខេត្ត ក៏បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារដែលបាន និងកំពុងបន្តប្រឹងប្រែងក្នុងដំណើរការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ នៅតាមតំបន់គោលដៅ ដោយមិនប្រកាន់និន្នាការនយោបាយអ្វី ឡើយ។ លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានឱ្យដឹងថា៖ នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ គឺធ្វើតាមដំណាក់កាល គឺការកំណត់តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល ការជូន ដំណឹង ដំណើរការផ្សព្វផ្សាយការចុះកំណត់ព្រំវាស់វែង និងវិនិច្ឆ័យដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី។ លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងទៀតថា៖ ស្រុកមុខកំពូល បានបិទផ្សាយរួចមកដល់ពេលនេះបានចំនួន ២៥លើក និងជាការបិទបញ្ចាប់សម្រាប់ស្រុកមុខកំពូលទាំងមូល ហើយការបិទផ្សាយនាពេលនេះមានចំនួន ០៥ភូមិ គឺភូមិសាមគ្គី ភូមិវត្តថ្មី ភូមិវត្តចាស់ ភូមិឡឥដ្ឋ និងភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល សរុបមាន ចំនួន ៨,០៦៨ក្បាលដី៕











