រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គួច ចំរើន ជំរុញដល់ក្រុមការងារបច្ចេកទេសសាងសង់ប្រព័ន្ធលូ ឱ្យពន្លឿនការសាងសង់ ដើម្បីជួយរំដោះទឹកភ្លៀងនាពេលខាងមុខ ដើម្បីបញ្ជៀសការជន់លិចនៅក្នុងក្រុងតាខ្មៅ

-------------------------------ខេត្តកណ្តាល​ ៖ ក្នុងឱកាសដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរក្រុងតាខ្មៅ ចុះត្រួតពិនិត្យ គម្រោងស្ថាបនាលូប្រអប់ផ្លូវ១០៨ ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានឱ្យដឹងថា ជារៀងរាល់ឆ្នាំក្នុងតំបន់នេះ នារដូវវស្សាម្ដងៗ តែងតែរងនូវការជន់លិចដោយជំនន់ទឹកភ្លៀង ដែលធ្វើឱ្យប្រជាពលរដ្ឋនៅតំបន់នេះជួបការលំបាកក្នុងការធ្វើដំណើរ ខូចខាតសម្ភារៈពេលទឹកជន់លិច ពេលដែលមានភ្លៀងខ្លាំងម្ដងៗ ដូច្នេះក្រុមការងារបច្ចេកទេសដែលកំពុងអនុវត្តគម្រោង ក្នុងការសាងសង់ប្រព័ន្ធរំដោះទឹកភ្លៀង សូមពន្លឿនការសាងសង់ឱ្យបានលឿននឹងត្រូវបញ្ចប់គម្រោងមុនរដូវភ្លៀងធ្លាក់ខាងមុខនេះ ប្រកបដោយស្តង់ដារបច្ចេកទេស ដើម្បីធានាឱ្យប្រព័ន្ធលូរំដោះទឹកនេះ បានរំដោះទឹកភ្លៀងបញ្ជៀសការជន់លិច កាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋនៅតំបន់នេះផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានសូមការយោគយល់អធ្យាស្រ័យពីប្រជាពលរដ្ឋនៅក្នុងក្រុងតាខ្មៅ ក៏ដូចជាប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ ក្នុងដំឡុងពេលអនុវត្តគម្រោង ដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ បង្កាការរំខានដល់ការរស់នៅ ប៉ុន្តែពេលគម្រោងនេះអនុវត្តរួចរាល់ តំបន់នេះអាចនឹងជៀសផុតការជន់លិចដោយទឹកភ្លៀង ដែលតែងតែលិចជារៀងរាល់ឆ្នាំ។ តាមការបញ្ជាក់របស់ក្រុមការងារអនុវត្តគម្រោងលូរំដោះទឹកភ្លៀងនេះ មានប្រវែង៧៩០ម៉ែត្រ ដោយបានដាក់លូយជ្រុងទំហំ ២ម៉ែត្រ x២ម៉ែត្រ គ្រោងនឹងបញ្ចប់នៅចុងខែសីហា ខាងមុខនេះ ដែលមានសមត្ថភាពអាចរំដោះទឹកភ្លៀងបានពី ៥០០០ម៉ែត្រគូប ទៅ៦០០០ម៉ែត្រគូប ក្នុង១ម៉ោង ហើយនៅពេលគម្រោងនេះអនុវត្តរួច តំបន់នេះនឹងលែងមានការជន់លិចដោយជំនន់ទឹកភ្លៀងទៀតហើយ។

អត្ថបទទាក់ទង