++++++++ខេត្តកណ្តាល៖ ថ្លែងក្នុងឱកាសចុះរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយនៅផ្លូវលេខ២០៥ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុងតាខ្មៅ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ ដែលប្រកបរបររកស៊ីនៅតាមផ្លូវលេខ២០៥ ដែលបានចូលរួមសហការយ៉ាងល្អជាមួយអាជ្ញាធរខេត្ត ក្នុងការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយយ៉ាងល្អប្រសើរ។ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា៖ការចូលរួមរបស់អាវជីវករ និងប្រជាពលរដ្ឋនៅពេលនេះ សូមបញ្ជាក់ឲ្យឃើញការចូលរួមសហការជាមួយនឹងអាជ្ញាធរ ក្នុងការរៀបចំសណ្ដាប់ធ្នាប់សោភ័ណភាពរបៀបរៀបរយ ក៏ដូចជាគំរូល្អសម្រាប់ប្រជាពលរដ្ឋនៅក្រុងតាខ្មៅ និងប្រជាពលរដ្ឋទូទាំងខេត្តកណ្ដាល ក្នុងការរៀបចំផ្លូវឱ្យមានសោភ័ណភាពល្អ របៀបរៀបរយល្អ ជៀសវាងការរំលោភលើចិញ្ចើមផ្លូវសាធារណៈ ដែលធ្វើឱ្យបាត់បង់សោភ័ណភាព របៀបរៀបរយ និងដែលបណ្ដាឲ្យមានការស្ទះចរាចរណ៍ផងដែរ។ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមកុំរំលោភ លើចំណីផ្លូវ ចិញ្ចើមផ្លូវ សូមរក្សាចំណីផ្លូវ ចិញ្ចឹមផ្លូវ ទុកឱ្យមានរបៀបរៀបរយឲ្យបានល្អ ទុកជាគំរូដ៏ល្អដល់ប្រជាពលរដ្ឋដទៃទៀត ទន្ទឹងនឹងនោះសូមបងប្អូនចូលរួមសំអាតនៅតាមមាត់លូកុំបោះចោលសំរាមឬបិទកុំកម្របលូពេលភ្លៀងធ្លាក់នាំឲ្យមានការកក់ស្ទះលូ បណ្ដាឲ្យទឹកស្ទះផ្លូវមុខផ្ទះបងប្អូនប្រជាពលរដ្ឋ។









