++++++++++++++++++រដ្ឋបាលខេត្តកណ្តាលបានបើកវេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ដល់នាយប៉ុស្តិ៍រដ្ឋបាលឃុំ មេឃុំ មេភូមិ សិស្សានុសិស្ស សមាជិកសមាគមនារីដើម្បីអភិវឌ្ឍន៍ ប្រជាពលរដ្ឋ និងអាជីកម្មផ្ទះសំណាក់ ខារ៉ាអូខេ ម៉ាស្សា កោលជប់ សរុប ២៥០នាក់ នៅសាលប្រជុំសាលាខេត្តកណ្ដាល នារសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥។ថ្លែងបើកវេទិកាលោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្កណ្តាល មានប្រសាសន៍ថា៖ គោលបំណងនៃការរៀបចំវេទិការផ្សព្វផ្សាយនាពេលនេះ គឺចង់អោយប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្បាស់អំពីអ្វីទៅជាការជួញដូរមនុស្ស ឬការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី កុមារ ការប្រើអំពើហិង្សាផ្សេងៗ នឹងអោយបងប្អូនបានយល់ពីរបៀបនៃការការពារខ្លួន ឬដើម្បីរកជំនួយជាដើម និងលុបបំបាត់ការធ្វើអំពើជួញដូរមនុស្ស និងបង្ហាញពីការចូលរួម ក្នុងការទទួលយក នូវចំណេះដឹង ដើម្បីយកទៅផ្សព្វផ្សាយបន្ត អោយបានទូលំទូលាយ អំពីច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មភេទលើស្ត្រី និងកុមារ និង ច្បាប់ស្តីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះក៏ដូចជាផលវិបាកនៃការធ្វើចំណាកស្រុកដោយប្រថុយប្រថានផងដែរ។លោកជំទាវអភិបាលរងខេត្តបានណែនាំ អាជ្ញាធរមូលដ្ឋាន ក្រុង-ស្រុក ត្រូវត្រៀមទទួលស្វាគមន៍ និងចុះសួរសុខទុក្ខពួក គាត់ភ្លាមៗ និងលើកទឹកចិត្តពួកគាត់ដែលជាពលករ ដែលត្រឡប់មកពីប្រទេសថៃ ស្វែងរកការងារធ្វើនៅក្នុងស្រុក ដែលបច្ចុប្បន្ននេះខេត្តកណ្តាលកំពុងមានតម្រូវការកំលាំងការងារប្រមាណ ១៥,០០០ កន្លែង សំរាប់ពលរដ្ឋទូទៅ ក៏ដូចជាបងប្អូនពលករខ្មែរយើងទើបត្រលប់មកពីប្រទេសថៃវិញ ។ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវអភិបាលរងខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជាពិសេសប្អូនៗក្មួយៗដែលប្រើប្រាស់បណ្ដាញសង្គម ទូទាំងក្រុងតាខ្មៅ សូមរក្សាភាពស្ងៀមស្ងាត់ និងចូលរួមគាំទ្រ ទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាល ក្នុងការលើកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ទៅតុលាការយុត្តិធម៌ អន្តរជាតិ សូមជួយគាំទ្រដល់ កងទ័ពដែលឈរជើងនៅព្រំដែន និងសូមឱ្យមានការប្រុងប្រយ័ត្ន ការផ្សព្វផ្សាយព័ត៌មានមិនពិត លើបណ្តាញសង្គម នាំឱ្យមានការញុះញង់ អុចអាល ដែលនាំឱ្យមាន ការរើសអើងពូជសាសន៍ និងអាចបង្កឱ្យមាន អស្ថិរភាព និងអសន្តិសុខសង្គម៕









