++++++++ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារនៃការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ប្រចាំឆមាសទី១ និងទិសដៅអនុវត្ត ការងារឆមាសទី២ ឆ្នាំ២០២៥ ក្រោមអធិបតី ឯកឧត្តម អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ឯម សំណាង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការចូលរួមផងដែរ ពីរអាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ មន្ទីរជុំវិញខេត្ត និងកងកម្លាំងមានសមត្ថកិច្ចជាច្រើនរូប។ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ថា ដើម្បីរក្សាការពារនូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ជាពិសេស ពង្រឹងការអនុវត្តនូវគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់នឹងបន្តប្តេជ្ញាប្រយុទ្ធប្រឆាំងជាមួយ នឹងបទល្មើសគ្រប់ប្រភេទដូចជា ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង និងបទល្មើសផ្សេងទៀត។ ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹក ដល់អាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបន្តខិតខំ ធ្វើយ៉ាងណាធានាឱ្យខេត្តមានសន្តិសុខ សុវត្ថិភាព ដល់ការរស់នៅបានសុខស្រួល ទាក់ទាញការវិនិយោគ និងទេសចរណ៍ ស្របតាមចក្ខុវិស័យ របស់ក្រសួងមហាផ្ទៃ គឺរដ្ឋបាលដែនដីនៅគ្រប់ថ្នាក់ ជារដ្ឋបាលរបស់ប្រជាជន កើតចេញពីប្រជាជន បម្រើសេវានិងផលប្រយោជន៍ប្រជាជន តាមគោលការណ៍អភិបាលកិច្ចល្អ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ពង្រឹងការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាបុរេលក្ខខណ្ឌចាំបាច់សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ នាំឱ្យប្រជាជនមានសិទ្ធិសេរីភាព មានជីវភាពរស់នៅល្អប្រសើរ និងការរស់ នៅប្រកបដោយភាពសុខក្សេមក្សាន្ត។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការផ្សព្វផ្សាយផែនការ លេខ ០០២ផក ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ ស្តីពីការពារសន្តិសុខ សុវត្ថិភាព ជូនវិនិយោគិន និងអ្នកទេសចរណ៍បរទេស ព្រមទាំងបានណែនាំ និងលើកទឹកចិត្តទៅដល់អាជ្ញាធរក្រុង-ស្រុក កងកម្លាំងសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវខិតខំអនុវត្តឱ្យមានប្រសិទ្ធភាពទៅតាមខ្លឹមសារនៃការណែនាំរបស់ក្រសួងមហាផ្ទៃ។ថ្លែងក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់រដ្ឋបាលខេត្តដែលបានខិតខំ អនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ទទួលបានលទ្ធផលគួរជាទីមោទនៈ។ ទន្ទឹមនិងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញ និងលើកទឹកចិត្តដល់ កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបន្តពង្រឹងការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ រដ្ឋបាលឃុំ សង្កាត់ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់ការយល់ដឹង ជាពិសេសការចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលកាន់តែល្អប្រសើរឡើងនាឆ្នាំបន្តបន្ទាប់ទៀត។ឯកឧត្តមបានក៏ជំរុញដល់ រដ្ឋបាលខេត្តត្រូវបន្តពង្រឹងការងារគណៈបញ្ហាការឯកភាពខេត្តឱ្យបានរឹងមាំ ក្តាប់បាននូវរាល់សភាពការនានាដែលកើតមានតាមក្រុង-ស្រុក ក្នុងដែនសមត្ថកិច្ចខ្លួន ដើម្បីធ្វើការដោះស្រាយឆ្លើយតបបានទាន់ពេលវេលា ត្រូវចុះផ្សព្វផ្សាយផ្ទាល់តាមខ្នងផ្ទះប្រជាពលដ្ឋអំពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព ត្រូវរៀបចំវេទិការសាធារណៈ ដើម្បីស្តាប់កង្វល់ និងសំណូមពរនានាពីប្រជាពលដ្ឋ ដើម្សីរួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលាផងដែរ។បើយោងតាមលទ្ធផលការងារ នៃការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ប្រចាំឆមាសទី១ បទឧក្រិដ្ឋថយ៧ករណី= ១៨% (៣៣/៤០ករណី) និងបទមជ្ឈិមកើន ៣ករណី= ៣% (១១៣/១១០ករណី) ។ បង្ក្រាបគ្រឿងញៀនបានចំនួន២៣៧/៣៥១ករណី ថយ១១៤ករណី ឃាត់ខ្លួនជនសង្ស័យ៤៤៧នាក់ (ស្រី ២៥នាក់) ។ គ្រោះថ្នាក់ចរាចរណ៍ ថយចុះ ៦០លើក ស្មើ៤៥% ៧៣/១៣៣លើក។ បង្ក្រាបក្មេងទំនើង៤០ករណី ឃាត់ខ្លួន១២១នាក់ ស្រី៦នាក់ (វិធានរដ្ឋបាល២២ករណី ឃាត់ខ្លួន៧០នាក់ ស្រី៥នាក់ វិធានច្បាប់១៨ករណី ឃាត់ខ្លួន៥១នាក់ ស្រី១នាក់)។











