+++++++++++ខេត្តកណ្តាល៖ ប្រជាពលរដ្ឋក្នុងឃុំកំពង់ភ្នំ ស្រុកលើកដែក បានសាទរចំពោះអាជ្ញាធរខេត្តដែលបានយកចិត្តទុកដាក់ក្នុងការចុះបិទផ្សាយនូវទិន្នន័យក្បាលដីជូនពួកគាត់ និងបានពន្យល់នូវនីតិវិធី នៃការចុះបញ្ជីដីធ្លីតាមដំណាក់កាលនីមួយៗ ជូនពួកគាត់ឱ្យមានការយល់ដឹង ដែលការបិទផ្សាយនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ នៅវត្តកំពង់ភ្នំក្នុង។ ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ គឺជាដំណាក់កាលមួយនៃដំណើរការវិនិច្ឆ័យនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធគឺដើម្បីធានាបាននូវទិន្នន័យអោយមានលក្ខណៈត្រឹមត្រូវស្របច្បាប់ បងប្អូនជាអ្នកកាន់កាប់ដី និងអ្នកពាក់ព័ន្ធទាំងឡាយធ្វើការជំទាស់តវ៉ាលើទិន្នន័យដែលមាននៅក្នុងឯកសារវិនិច្ឆ័យ រួមមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី ហើយការជំទាស់តវ៉ាអាចធ្វើបានអំឡុងពេល ១៥ថ្ងៃចាប់ពីថ្ងៃប្រកាសបិទផ្សាយនេះតទៅហើយក្នុងរយៈពេល ១៥ថ្ងៃនេះគណៈកម្មការរដ្ឋបាល និងមន្ត្រីសុរិយោដី នឹងនៅប្រចាំការរាល់ថ្ងៃទាំងថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យផ្សេងៗ ដើម្បីរង់ចាំពន្យល់ទិន្នន័យទាំងឡាយ ទទួលពាក្យបណ្តឹង ដោះស្រាយការតវ៉ា និងវិវាទផ្សេងៗ តាមការព្រមព្រៀង បន្ទាប់ពីទទទួលបាននូវទិន្នន័យមួយមានភាពសុក្រឹត្យ ត្រឹមត្រូវសម្រាប់ការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ)ជូនបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកកាន់កាប់ដីក្នុងភូមិអំពិលទឹក និងភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។ ឯកឧត្តមបានបបន្ថែមថា៖ ចំពោះការបិទផ្សាយជាសាធារណៈនាពេលនេះ ក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កាន់កាប់ដីធ្លីទាំងអស់ ត្រូវទៅផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី ពិតជាត្រឹមត្រូវ ឫអត់ ប្រសិនបើមានកំហុសឆ្គងដោយប្រការណាមួយ ដូចជាខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើត អាយុ ភេទ ទំហំ រូបរាងដី ទីតាំងក្បាលដី និងប្រភេទទ្រព្យជាដើមម្ចាស់ដីត្រូវធ្វើការស្នើសុំកែតម្រូវជាបន្ទាន់។ ឯកឧត្តមបន្តថា៖ប័ណ្ណកម្មសិទ្ធិគឺមានផលប្រយោជន៍លើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការកាត់បន្ថយទំនាស់ ព្រមទាំងធានាសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ ធានានូវសិទ្ធិរបស់អ្នកក្នុងការធ្វើជាម្ចាស់ ឬការកាន់កាប់ដីធ្លី អាចយកទៅប្រើប្រាស់ជារបស់ធានានៃការខ្ចីប្រាក់ ជាឯកសារសំអាងនៅពេលមានជម្លោះដីធ្លី ធ្វើឲកាន់តែប្រសើរចំពោះការផ្ទេរអចលនវត្ថុ និងអាចបង្កើនតម្លៃដីប្រកបដោយទំនុកចិត្ត។ លោក ទៀង កុស្យារៈ អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានសំណូមពរដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជាអ្នកកាន់កាប់ដីធ្លីនៅក្នុងភូមិខាងលើ សូមបង្កលក្ខណៈផ្ដល់ភាពងាយស្រួលនិងចូលរួមសហការអោយបានរលូនជាមួយក្រុមការងាចុះបញ្ជីដីធ្លី ដើម្បីអោយការអនុវត្តតាមនិតិវិធី នៃការចុះបញ្ជីដីធ្លីប្រព្រឹត្តទៅដោយរលូន និងដើម្បីអោយប្រជាពលរដ្ឋទទួលបានប័ណ្ណកម្មសិទ្ធិដីដែលបញ្ជាក់ពីសិទ្ធិជាម្ចាស់ដីពិតប្រាកដ។ លោកបានបញ្ជាក់ផងដែរថា៖ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន ០២ភូមិ គឺភូមិអំពិលទឹក និងភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក នាពេលនេះ មានចំនួន ៣,៦០៣ ក្បាលដី គិតចាប់ពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ជាកំណត់ ហើយការបិទផ្សាយនាពេលនេះគឺជាលើកទី៩ សម្រាប់ស្រុកលើកដែក និងជាលើកទី២៩១ សម្រាប់ខេត្តកណ្តាលទាំងមូល៕










