+++++++++++ ខេត្តកណ្តាល៖ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល បានជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង និងបុគ្គលិករបស់មជ្ឈមណ្ឌល គរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល ប្រមាណជាង ៨១នាក់ នៅរសៀលថ្ងៃទី១ខែកក្កដា ឆ្នាំ២០២៥ នៅសាលាខេត្តកណ្តាល។ថ្លែងនៅក្នុងពិធីនេះ លោកជំទាវ ស្រ៊ុន ស្រីនាង បានធ្វើការសាកសួរសុខទុក្ខដល់គណៈគ្រប់គ្រង និងបុគ្គលិករបស់មជ្ឈមណ្ឌល គរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល ព្រមទាំងបានកោតសរសើរ វាយតមៃ្លខ្ពស់ ចំពោះគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ បង្ហាត់បង្រៀន អប់រំ ផ្តល់នូវចំណេះដឹងទៅដល់គរុសិស្ស ដែលនឹងក្លាយទៅជាគ្រូបង្រៀននាពេលអនាគត ជាអ្នកផ្តល់ការអប់រំបន្តទៅកាន់សិស្សានុសិស្សប្រកបដោយគុណភាពខ្ពស់ ធ្វើឲ្យសិស្សានុសិស្សមានសមត្ថភាពខ្ពស់ទាំងចំណេះដឹង ចំណេះធ្វើ អាចប្រកួតប្រជែងបាននៅក្នុងទីផ្សារការងារស្របទៅតាមការរីកចម្រើនឥតឈប់ឈររបស់ប្រទេសជាតិ។ លោកជំទាវអភិបាលរងខេត្ត បានបញ្ជាក់ថា៖ ពិធីជួបសំណេះសំណាលនាពេលនេះមានគោលបំណងសំខាន់ គឺដើម្បីស្ដាប់ពី បញ្ហាប្រឈម ក៏ដូចជាសំណូមពរនានាពីសំណាក់លោកគ្រូ អ្នកគ្រូ ដែលកំពុងតែជួបជាក់ស្តែង។ ជាមួយគ្នានេះដែរ លោកជំទាវអភិបាលរងខេត្ត ក៏បានផ្តាំផ្ដាំផ្ញើទៅដល់គណៈគ្រប់គ្រង សូមជួយជំរុញទៅដល់គរុសិស្សដែលកំពុងតែសិក្សាត្រូវខិតខំសិក្សារៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹងឲ្យបានពិតប្រាកដដើម្បីចាប់អាជីពជាគ្រូបង្រៀនប្រកបដោយគុណភាពនាពេលអនាគត ក៏ដូចជាការបង្កើននូវសមត្ថភាពរបស់ខ្លួនឲ្យកាន់តែខ្ពស់ថែមទៀត ហើយម្យ៉ាងទៀតក៏ជាការរកប្រាក់ចំណូលបន្ថែម សម្រាប់ផ្គត់ផ្គង់ដល់ជីវភាពប្រចាំថ្ងៃរបស់ខ្លួនផងដែរ។ ជាមួយគ្នានេះដែរសូមលោកគ្រូ អ្នកគ្រូជឿជាក់លើរាជរដ្ឋាភិបាល ទាក់ទងនឹងដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ដោយនាំយកបញ្ហាទាំង៤ គឺប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្ដរជាតិ (ICJ) និងយុទ្ធសាស្រ្តការពារខ្លួនក្នុងករណីចាំបាច់ ជាមួយនឹងប្រទេសថៃដើម្បីរកដំណោះស្រាយប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ និងជាដំណោះស្រាយស្ថាពរ៕







