រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ឧបត្ថម្ភជូនដល់ក្រុមគ្រួសារជនរងគ្រោះលិចទូកលង់ទឹកស្លាប់ចំនួន ២នាក់ នៅស្រុកកៀនស្វាយ

------------------------ខេត្តកណ្ដាល៖ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឱ្យឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ដឹកនាំប្រតិភូសាខា ដោយមានការចូលរួមពីអនុសាខាស្រុកកៀនស្វាយ និងកងអន្តរាគមន៍ពិសេស ៩១១ បានចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅឧបត្ថម្ភជូនដល់ក្រុមគ្រួសារជនរងគ្រោះលិចទូកលង់ទឹកស្លាប់ចំនួន ២នាក់ ស្ថិតនៅបរិវេណវត្តកោះប្រាក់ ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលនាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥។ មានប្រសាសន៍សំណេះសំណាលនាឱកាសនោះឯកឧត្តម ហាក់ សុខមករា ក្នុងនាមឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិកាសាខា បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងចូលរួមសោកស្តាយជាអនេក។ ឯកឧត្តមបានបញ្ជាក់ថា អំណោយដែលសាខា និងអនុសាខាស្រុក បាននាំយកមកឧបត្ថម្ភជូនបងប្អូននាឱកាសនេះ គឺពុំបានប្រកាន់នូវពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ ជាមួយគ្នានេះផងដែរឯកឧត្តមក៏បានសម្តែងនូវការចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំក្រៃលែងជាមួយក្រុមគ្រួសារជនរងគ្រោះ និងសូមបួងសួងដល់គុណព្រះរតនត្រៃទាំងបី ជួយឱ្យដួងវិញ្ញាណក្ខន្ធនៃជនរងគ្រោះទាំងពីរបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ អំណោយមនុស្សធម៌ដែលប្រតិភូសាខា បានឧបត្ថម្ភជូនដល់គ្រួសាររងគ្រោះ រួមមាន៖ អង្ករ ៥០គីឡូក្រាម មី២កេស ទឹកត្រី ១យួរ ទឹកស៊ីអុីវ ១យួរ ទឹកសុទ្ធ ២កេស ត្រីខ ២យួរ ទឹកផ្លែឈើ ២កេស និងថវិកាចំនួន ៣ លានរៀល។ អនុសាខាស្រុកកៀនស្វាយ ឧបត្តម្ភ អង្ករ ១០០គីឡូក្រាម ,ទឹកសុទ្ធ ២កេស ទឹកស៊ីអុីវ ២យួរ ,ទឹកត្រី ២យួរ និងថវិកា ៨០ម៉ឺនរៀល។ជាមួយគ្នានេះ កងអន្តរាគមន៍ពិសេស ៩១១ បានផ្តល់ជូនថវិកាសរុបចំនួន ៥០ម៉ឺនរៀលផងដែរ៕

អត្ថបទទាក់ទង