-----------------------ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងអំពាវនាវបែបនេះ ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធទីស្នាក់ការសមាគមអ្នកផលិតចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្ដាល ស្ថិតនៅឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។ឯកឧត្តម រដ្ឋលេខាធិការ បន្តថា៖ សមាគមអ្នកផលិតចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល ជាសមាគមមិនស្វែងរកប្រាក់ចំណេញ ហើយសមាគមនេះបង្កើតឡើងក្នុងគោលបំណងដើម្បីការពារ និងផ្សព្វផ្សាយទេពកោសល្យជាងទង និងកិត្តិនាមដ៏ល្បីល្បាញនៃគុណភាពចម្លាក់ប្រាក់ស្ពាន់ ក្នុងខេត្តកណ្តាល សម្រាប់ជាប្រយោជន៍ដល់ជាងទង អាជីវករ ឬប្រតិបត្តិករ និងអ្នកប្រើប្រាស់ ព្រមទាំងមានគោលដៅ បង្កើនទំនាក់ទំនង និងកិច្ចសហការរវាងជាងទង អ្នកកែច្នៃ អាជីវករ សហគ្រាសធុនតូច និងមធ្យម អង្គការ និងស្ថាប័នពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយ និងលើកតម្កើងកិត្តិនាមផលិតផលចម្លាក់ប្រាក់ស្ពាន់ តាមរយៈការបង្កើនគុណភាព និងទប់ស្កាត់ការក្លែងបន្លំផលិតផលនៅលើទីផ្សារជាតិ និងអន្តរជាតិ និងដើម្បីធានាគុណភាពផលិតផលចម្លាក់ប្រាក់ស្ពាន់ និងប្រភពដើមផលិតផល តាមរយៈការបញ្ជាក់ និងបិទរូបសញ្ញាម៉ាកសមូហភាព “ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល” នៅលើផលិតផលផងដែរ។ឯកឧត្តម រដ្ឋលេខាធិការ បន្ថែមថា៖ ក្រសួងពាណិជ្ជកម្ម បាននឹងកំពុងដើរតួនាទីយ៉ាងសកម្មនៅក្នុងការអនុវត្ត ផែនការសកម្មភាពដែលជាគោលដៅអាទិភាព ដោយផ្តោតលើការបន្តពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មីដោយលើកស្ទួយវិស័យឯកជន ដើម្បីធ្វើពិពិធកម្មទំនិញឱ្យសម្បូរបែបសម្រាប់ បម្រើការនាំចេញ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឱ្យបន្តស្រាវជ្រាវ និងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកសមូហ ភាពឱ្យកាន់តែបានច្រើនថែមទៀត សំដៅលើកស្ទួយគុណភាព និងម៉ាករបស់ផលិតផលកម្ពុជា នៅលើទីផ្សារក្នុងស្រុក និងក្រៅប្រទេស។ បន្ថែមពីនេះឯកឧត្តម រដ្ឋលេខាធិការ បានណែនាំដល់មន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល ព្រមទាំងអាជ្ញាធរមូលដ្ឋាន បន្តជំរុញ និងលើកទឹកចិត្តដល់ជាងទង និងអាជីវករផ្សេងៗ ឱ្យគាត់ចូលជាសមាជិកសមាគម និងប្រើប្រាស់រូបសញ្ញាម៉ាកសមូហភាព "ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល” នៅលើផលិតផលរបស់ខ្លួន ដើម្បីបញ្ជាក់អំពីគុណភាព និងទំនុកចិត្តដល់អ្នកប្រើប្រាស់។









