++++++++++++++++++ខេត្តកណ្ដាល៖ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល និងលោកជំទាវ លីម មុយឡេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ និងលើកទិសដៅការងារបន្តត្រីមាសទី៣ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ដោយមានការចូលរួមពី លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល។ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានកោតសរសើ និងវាយតម្លៃខ្ពស់ ចំពោះមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលបានយកចិត្តទុកដាក់ចូលរួមយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុង មានឆន្ទៈ មនសិកាខ្ពស់ ខិតខំអនុវត្ត តួនាទី ភារកិច្ច ប្រកបដោយជោគជ័យ ខេត្តកណ្តាលមានទស្សនវិស័យប្រែក្លាយជាខេត្តធ្វើជា៖ ខ្សែក្រវាត់គាំទ្រ សុវត្ថិភាព ឧស្សាហកម្ម ឡូជីស្លឹក (ភស្តុភារកម្ម) ស្បៀង និងលំនៅឋាន ដោយប្រកាន់យកនូវអភិក្រម “ការបម្រើ សេវាសាធារណៈល្អ ប្រជាជនស្រឡាញ់” និងជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែល្អប្រសើរ។ឯកឧត្តមបានមានប្រសាសន៍ថា៖ មន្ទីរអភិវឌ្ឍន៍ជនបទ ជាសេនាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលខេត្ត ស្របតាមគោលនយោបាយនិងចក្ខុវិស័យក្រសួង និងកម្មវិធីអាទិភាពគន្លឹះទាំង៥គឺ ទី១÷អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់ទី២÷លើកកម្ពស់ការទទួលបានទឹកស្អាតនិងអនាម័យបរិស្ថានជនបទ ទី៣ជំរុញអភិវឌ្ឍសហគមន៍ជនបទនិងចលនាភូមិគំរូ ទី៤÷លើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ ទី៥÷ការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ។លោកជំទាវលឹមមុយអេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍនជនបទបានណែនាំថ្នាក់ដឹកនាំនិងមន្ត្រីរាជការត្រូវមានស្មារតីទទួលខុសត្រូវនឹងត្រូវរៀបចំប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែ ឲ្យបានទៀងទាត់តាមការិយាល័យនីមួយៗ ដើម្បីដោះស្រាយនូវរាល់ការប្រឈមនានា ត្រូវយកចិត្តទុកដាក់តាមដានវិវឌ្ឍភាពការងារ និងដាក់ផែនការអនុវត្តប្រចាំខែ ប្រចាំត្រីមាស ឆមាស ៩ខែ និងប្រចាំឆ្នាំ ប្រកបដោយប្រសិទ្ធភាពនិងការទទួលខុសត្រូវខ្ពស់។លោកជំទាវរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានលើកឡើងថា៖ក្នុងរយៈពេល ២ត្រីមាស ឆ្នាំ២០២៥នេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានយកចិត្តទុកដាក់ និងខិតខំអនុវត្តនូវរាល់សកម្មភាពការងារដែលបានគ្រោងទុក និងការងារប្រគល់ជូនជាក់ស្តែងការងារ បន្ទាន់ៗមួយចំនួនដែលថ្នាក់ដឹកនាំប្រគល់ជូនមន្ទីរ ក្នុងគោលបំណងសំដៅ ជំរុញចក្ខុវិស័យ “កសាងតំបន់ជនបទកម្ពុជា ប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និង ភាពធន់ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ដែលមានមូលដ្ឋានគ្រឹះចំនួន៥ សម្រាប់តំបន់ជនបទគឺ ប្រជាជនមានជីវភាពរស់នៅសមរម្យ ប្រជាជនមានសុខភាពមាំមួន ប្រជាជនរស់នៅក្នុងភាពថ្លៃថ្នូរ មានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងប្រកបដោយភាពធន់ និងអភិបាលកិច្ចល្អ។ជាមួយនឹងគ្នានេះដែរលោកជំទាវរដ្ឋលេខាធិការបានសម្តែងនឹងការគោរព និងប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគោលជំហរដ៏ច្បាស់លាល់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារទឹកដី ការដោះស្រាយបញ្ហាបូរណភាពទឹកដីជាមួយប្រទេសថៃ ពិសេសនៅតំបន់ទាំងបួនរួមមាន៖ តំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រសាទតាក្របី ដែលកំពុងមានជំលោះ ដោះស្រាយតាមយន្តការច្បាប់តាមរយៈតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។តាមរយៈរបាយការណ៍របស់ លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានលើកឡើងថា៖ លទ្ធផលការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល សម្រេចបាននូវការអនុវត្ត អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់ (មានចំនួន៧ សកម្មភាព)លើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ(មានចំនួន៩ សកម្មភាព)លើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ(មានចំនួន៤ សកម្មភាព)ការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ(មានចំនួន៦ សកម្មភាព)ជំរុញអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ (មានចំនួន២ សកម្មភាព)នាយកដ្ឋានបណ្តុះបណ្តាល (មានចំនួន១ សកម្មភាព)។









