រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អភិបាលខេត្តកណ្ដាល លើកទឹកចិត្តដល់ពលករដែលមកពីប្រទេសថៃ ស្វែងរកការងារធ្វើនៅក្នុងស្រុក ដែលបច្ចុប្បន្ននេះខេត្តកណ្តាលកំពុងមានតម្រូវការកំលាំងការងារប្រមាណ ១៥០០០ កន្លែង សំរាប់ពលរដ្ឋទូទៅក៏ដូចជាបងប្អូនពលករខ្មែរយើងដែលទើបត្រលប់មកពីប្រទេសថៃវិញ

----------------------------ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានថ្លែងលើកទឹកចិត្តបែបនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនពលករខ្មែរដែលទើបវិលមកពីប្រទេសថៃ ចំនួន ៤៣គ្រួសារ ដែលមានទីលំនៅក្នុងស្រុកកោះធំ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ។ ឯកឧត្តមមានប្រសាសន៏បន្តថា៖ បច្ចុប្បន្ននៅក្នុងភូមិសាស្ត្រខេត្តកណ្តាល មានរោងចក្រ សហគ្រាស និងក្រុមហ៊ុននានា កំពុងមានតម្រូវការការងារប្រមាណ ១៥០០០ កន្លែង សំរាប់ពលរដ្ឋទូទៅ ក៏ដូចជាបងប្អូនពលករខ្មែរយើងដែលទើបត្រលប់មកពីប្រទេសថៃវិញ ហើយរោងចក្រ សហគ្រាស និងក្រុមហ៊ុនទាំងអស់ សុទ្ធតែជាសមាជិករបស់ប.ស.ស ។ នៅពេលដែលបងប្អូនធ្វើការនៅទីនោះ បងប្អូននឹងក្លាយជាសមាជិកប.ស.ស ហើយទទួលបាននូវអត្ថប្រយោជន៍ជាច្រើនពីគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ក្នុងនោះរួមមាន គោលនយោបាយឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ កុមារក្រោមអាយុ ២ឆ្នាំ អត្ថប្រយោជន៍គ្រោះថ្នាក់ការងារ អាចសុំប្រាក់សោធននិវត្តន៍ នៅពេលអាយុ ៦០ឆ្នាំ និងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត។ ឯកឧត្តមក៏បានណែនាំ អាជ្ញាធរក្រុង-ស្រុក សហការជាមួយមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត ត្រូវរៀបជាតារាងបង្ហាញពីបណ្តារោងចក្រ រឺសហគ្រាសណា ដែលកំពុងជ្រើសរើសកម្មករ និយោជិក ដើម្បីបញ្ជូនព័ត៌មានទាំងនោះអោយមកដល់តាមបណ្តាភូមិ ឃុំ ស្រុក ដើម្បីបង្កលក្ខណ:ងាយស្រួលដល់បងប្អូនយើងបានដឹង និងអាចងាយស្រួលរើសការងារដែលគាត់ចង់ធ្វើ និងអាចធ្វើបាន ដោយមានការជួយសម្របសម្រួល លេីនីតិវិធីផ្សេងៗពីមន្ត្រីរបស់យើង ព្រមជាមួយនឹងការបង្កើតគ្រុប Telegramមួយ ដើម្បីងាយស្រួលផ្តល់ពត៌មានផ្សេងៗជូនគាត់បានរហ័ស។ ឯកឧត្តមអភិបាលខេត្តកណ្តាល ក៏បានណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន ត្រូវជួយសម្រួលអោយមានភាពងាយស្រួល លើនីតិវិធីផ្សេងៗក្នុងការផ្ទេរការសិក្សារបស់កូនៗបងប្អូនពលករខ្មែរដែលវិលមកពីប្រទេសថៃវិញ ក្នុងករណីគាត់ចង់អោយកូនៗមករៀននៅស្រុកកំណើត ។ ឯកឧត្តមបានគូបញ្ជាក់បន្ថែម អំពីសាវតារជំលោះនៅព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ នាពេលកន្លងមក និងអំពីបច្ចុប្បន្នភាពស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ ពិសេសនៅតំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រសាទតាក្របី ដែលគោលជំហរដ៏ច្បាស់លាល់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារទឹកដី ការដោះស្រាយបញ្ហាបូរណភាពទឹកដីជាមួយប្រទេសថៃ ពិសេសនៅតំបន់ទាំងបួនខាងលើដែលកំពុងមានជំលោះ គឺត្រូវធ្វើការដោះស្រាយតាមយន្តការច្បាប់តាមរយៈតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានពាំនាំនូវគ្រឿងឧបភោគ បរិភោគ និងថវិការបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនបងប្អូនពលករខ្មែរទើបត្រលប់ពីប្រទេសថៃ មកកាន់មូលដ្ឋានស្រុកកោះធំ បច្ចុប្បន្នមានចំនួន ៤៣គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម, មី១កេស, ទឹកត្រី មួយយួរ និងថវិកា ១០ម៉ឺនរៀល។ ដោយឡែក ចំពោះពលករជាស្រ្តីមានផ្ទៃពោះ ចំនួន១រូប ទទួលបានថវិកាបន្ថែមចំនួន ៤០ម៉ឺនរៀល។

អត្ថបទទាក់ទង