រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

វេទិកាសាធារណៈដើម្បីផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋពាក់ព័ន្ធ នឹងការធ្វើអាជីវកម្មខ្សាច់

មន្ត្រីជំនាញនៃក្រសួងក្រសួងរ៉ែ និងថាមពល លើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយទន្លេមេគង្គ ក្នុងឃុំបន្ទាយដែក និងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ សូមរាយការណ៍ទៅក្រសួង ក្នុងករណីដែលក្រុមហ៊ុនបូមខ្សាច់ បូមខុសទីតាំង និងខុសម៉ោងដែលបានកំណត់ លោក កែវ ទួត អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានរ៉េ នៃក្រសួងរ៉ែ និងថាមពល បានធ្វើការលើកទឹកចិត្តបែបនេះ នៅក្នុងវេទិកាសាធារណៈដើម្បីផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋពាក់ព័ន្ធ នឹងការធ្វើអាជីវកម្មខ្សាច់ ស្ថិតនៅតាមដងទន្លេមេគង្គ ក្នុងឃុំបន្ទាយដែក និងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ។ លោក កែវ ទួត បន្តថា បងប្អូនប្រជាពលរដ្ឋនៅតាមដងទន្លេទាំងអស់ មេត្តាចូលរួមតាមដាននូវរាល់សកម្មភាពនានាដែលខុសពីលក្ខខ័ណ្ឌរបស់ក្រសួងក្នុងការបូមខ្សាច់ ដូចជាបូមខ្សាច់លើសម៉ោងកំណត់ បូមខុសទីតាំងដែលក្រសួងបានកំណត់ និងការដឹកជញ្ជូនខ្សាច់ខុសបទដ្ឋានបច្ចេកទេស ត្រូវរាយការណ៍មកអាជ្ញាធរ និងក្រសួងជាបន្ទាន់តាមរយៈលេខទូរស័ព្ទលេខ ៧២៧ បានគ្រប់ពេលវេលា ដោយមិនអស់លុយ ហើយថែមទាំងរក្សានូវការសម្ងាត់ជូនផងដែរ ដើម្បីឱ្យក្រសួងចាត់វិធានការផាកពិន័យ ឬអាចឈានទៅដល់ការបិទអាជីវកម្មតែម្ដង។ លោក បានបញ្ចាក់ថា ខាងក្រសួងក៏ដូចជាអាជ្ញាធរខេត្ត បានតម្រូវឱ្យក្រុមហ៊ុនធ្វើអាជីវកម្មខ្សាច់ ត្រូវអនុវត្តឱ្យបានតាមកិច្ចសន្យា និងលក្ខខណ្ឌដែលមានក្នុងអាជ្ញាប័ណ្ណ មិនត្រូវបូមនៅខុសពីកន្លែងដែលបានកំណត់ ឬបូមកៀកច្រាំងទន្លេជាដាច់ខាត ករណីធ្វើខុសកិច្ចសន្យា អាចប្រឈមនឹងការផាកពិន័យតាមច្បាប់កំណត់ ឬបិទអាជ្ញាប័ណ្ណតែម្ដង។ ក្នុងឱកាសនោះដែរ ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា ស្របពេលដែលប្រទេសយើងកំពុងតែមានការអភិវឌ្ឍដូចច្នេះ ខ្សាច់ដែលបានមកពីអាជីវកម្មនេះ គឺសំខាន់ណាស់ សម្រាប់យកទៅកសាងហេដ្ឋារចនាសម្ពន្ធ័ សាលារៀន អាគារផ្សេងៗ និងដើម្បីចាក់បំពេញទីតាំងមួយចំនួន ដើម្បីប្រយោជន៍ក្នុងការងារអភិវឌ្ឍនៅនាមមូលដ្ឋាន។ ឯកឧត្តម អភិបាលរងខេត្ត បានបន្តទៀតថា ក្រុមហ៊ុនមុននឹងធ្វើអាជីវកម្មនៅទីនេះ គឺក្រសួងធនធានទឹក និងឧតុនិយម បានសិក្សាអំពី លំហូរទឹកទន្លេ ល្បឿនទឹក ស្ថានភាពច្រាំង និងកិច្ចការបច្ចេកទេសសំខាន់ៗច្បាស់លាស់ណាស់ ចំណែកក្រសួងបរិស្ថានវិញបានសិក្សាអំពីហេតុប៉ះពាល់បរិស្ថាន ពិនិត្យជីវចម្រុះដែលមាន ដូចជា ត្រី និងសត្វដែលរស់នៅក្នុងទឹកមួយចំនួនទៀត ហើយក្រសួងទាំងពីរចេញសេចក្តី បញ្ជាក់ជូន ទើបក្រុមហ៊ុន ចាប់ផ្តើមដាក់ពាក្យសុំធ្វើអាជីវកម្មមកក្រសួងរ៉ែ និងថាមពល ដើម្បីទទួលបានអាជ្ញាបណ្ណស្របច្បាប់ មុនពេលធ្វើប្រតិបត្តការ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម អភិបាលរងខេត្ត ក៏បានជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ស្តាប់នូវបទបង្ហាញរបស់ក្រុមការងារជំនាញ អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្នុងករណីមានចម្ងល់សូមលើកជាសំណួរ និងសំណូមពរឱ្យបានផុលផុស ដើម្បីក្រុមការងារជំនាញឆ្លើយបំភ្លឺបកស្រាយនូវរាល់សំណួរ និងសំណូមពរផ្សេងៗ អំពីក្តីបារម្ភ របស់បងប្អូនប្រជាពលរដ្ឋ ឱ្យបានយល់បន្ថែមទៀតអំពីបច្ចេកទេសក្នុងការបូមខ្សាច់នេះ។

អត្ថបទទាក់ទង