+++++++++++ខេត្តកណ្តាល ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញទទួលថវិកា និងអំណោយពីសប្បុរសជននានា មន្ទីរអង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុងស្រុក លើកទី១ ក្នុងពិធីអបអរខួបលើកទី១៦២ ៨ឧសភា ២០២៥ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម នៃសាខាកាកបាទ ក្រហមកម្ពុជា ខេត្តកណ្ដាល ក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» និងខួបលើកទី៧០ ឆ្នាំ កាកបាទក្រហមកម្ពុជា ដែលពិធីនេះធ្វើឡើងនៅសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល។ ឯកឧត្តម គួច ចំរើន បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ជូនចំពោះសប្បុរសជននានា មន្ទីរអង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុង-ស្រុក ដែលបាននាំយកថវិកា និងសម្ភារប្រគល់ជូនសាខាកាកបាទក្រហមខេត្តកណ្តាលនាឱកាសនេះ ព្រមទាំងបានធ្វើការអំពាវនាវចំពោះឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាសប្បុរសជនគ្រប់មជ្ឈដ្ឋាន និងបងប្អូនជនរួមជាតិ សូមចូលរួមបរិច្ចាគថវិកាតាមសទ្ធាជ្រះថ្លា ជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីឱ្យសាខាមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត ស្របតាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។ ថវិកាទាំងអស់នេះ គឺពិតជាមានតម្លៃ និងឆ្លើយតបបានទាន់ពេលវេលា ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលមានការខ្វះខាត និងជួបនូវគ្រោះមហន្តរាយផ្សេងៗ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានមានប្រសាសន៍ថា ជានិច្ចកាលកាកបាទក្រហមកម្ពុជាខេត្ត តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមិនគិតពី ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។ ហើយឯកឧត្តម បានសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា សប្បុរសជនគ្រប់មជ្ឈដ្ឋាន អាជីវករ ពាណិជ្ជករ នឹងបន្តចូលរួមយ៉ាងច្រើនកុះករជួយឧបត្ថម្ភជាថវិកា សម្ភារៈដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ជាបន្តទៀត។ ក្រុមការងារសាខាទទួលមូលនិធិរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល នឹងរង់ចាំទទួលអំណោយពីសប្បុរសជនគ្រប់មជ្ឈដ្ឋានរៀងរាល់ម៉ោងធ្វើការនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្ត។សូមជម្រាបថា ថវិកាដែលទទួលបានពីសប្បុរសជននានា នៅថ្ងៃនេះ រួមមានប្រាក់រៀលចំនួន ១៨៥,២៦៦,៦៦៦ រៀល ប្រាក់ដុល្លារចំនួន ៧,៧៧២ដុល្លារ និងអង្ករមួយតោន។











